(ឧត្តរមានជ័យ)៖ បន្ទាប់ពីបញ្ចប់នាំអំណោយស្បៀងអាហាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តព្រះវិហារហើយនោះ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារអតីតយុទ្ធជនប្រមាណ ២០០គ្រួសារ កំពុងរស់នៅលើសម្បទានដីសង្គមកិច្ច ស្ថិតនៅភូមិ​ស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនចំពោះក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅភូមិ​ស្រះទឹកតេជោសែនជ័យ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកធ្លាប់បានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសម្តែងការកោតសរសើរចំពោះក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងបង្កបង្កើនផល និងចិញ្ចឹមសត្វលើទីតាំងដីដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។ លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអតីតយុទ្ធជនទាំងអស់ បន្តយកចិត្តទុកដាក់បង្កបង្កើនផល ដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ ដើម្បីបានថវិកាបន្ថែមពីថវិកាឧបត្ថម្ភដោយរាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ជីវភាព។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកផងដែរដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់ និងឧស្សាហ៍ចុះដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ដើម្បីជួយគាំទ្រដល់ការងារបង្កបង្កើនផល ការដាំដុះបន្លែ និងចិញ្ចឹមសត្វរបស់គ្រួសារអតីតយុទ្ធជន ក៏ដូចជាដោះស្រាយការលំបាកដែលពួកគាត់ជួបប្រទះ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត​ ក៏ឆ្លៀតបានរំលឹកដល់គ្រួសារអតីតយុទ្ធជន ចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ពេលតាមការណែនាំរបស់ក្រសួងសុខាភិបាល។​

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើគ្រួសារអតីតយុទ្ធជនទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងណែនាំកូនៗគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យចំអ្នកដែលធ្វើ​អ្នកដែលនៅជាប់ជាមួយប្រជាជន និងតែងតែរួមសុខរួមទុក្ខជាមួយអតីតយុទ្ធជន​។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនទាំង ២០០គ្រួសារផងដែរ។ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទីកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ៕