(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យ១នាក់ និងម៉ូតូ១គ្រឿង នៅចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ពាក់ព័ន្ធករណីធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកានេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ករណីនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ពានអាកាសរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត៕