(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត ពីនាយឧត្តមសេនីយអគ្គស្នងការ នគបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ ពីឧត្តមសេនីយឯក ចាន់ វ៉ាន់ឌឿន ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដកិច្ច ព្រមទាំងមានការដឹកនាំ ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ សមត្ថកិច្ចនៃនាយកដ្ឋានបទល្មើសសេដកិច្ច បានសហការជាមួយកម្លាំង សមត្ថកិច្ចកាំកុងត្រូល ការិយាល័យប្រឆាំងបទល្មើសរាជធានី មន្រ្តីប៉ុស្ដិ៍រដ្ឋបាលកាកាប បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសិប្បកម្មផលិត ប្រហិតត្រីមួយកន្លែង មានឈ្មោះថា «ប៉េះកុង» ដែលត្រូវបានសមត្ថកិច្ចសង្ស័យថា បានផលិតប្រហិតត្រីខុសបច្ចេកទេសស្ដង់ដា រក្សាទុកប្រហិតគ្មានអនាម័យ ដោយអាចមានដាក់បញ្ចូល នូវសារធាតុគីមី នាំឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ។
ទីតាំងដែលសមត្ថកិច្ច នៃនាយកដ្ឋានបទល្មើស សេដកិច្ចចុះត្រួតពិនិត្យ នៅថ្ងៃនេះ មានឈ្មោះថា«ប៉េះកុង» មានទីតាំងនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានម្ចាស់ឈ្មោះ ឆលី អាន ភេទប្រុសអាយុ២៦ឆ្នាំ។
ឧត្តមសេនីយត្រី អ៊ុ មុនី អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ នៅរោងសិប្បកម្មផលិត សាច់ប្រហិតមួយ ដែលបានដឹកជញ្ជូន និងរក្សាទុកសាច់ត្រីខុសលក្ខណៈបច្ចេកទេស និងគ្មានអនាម័យត្រឹមត្រូវ ដោយបានដកហូតបានសាច់ប្រហិត ចំនួន៣៣បាវ ទម្ងន់ជិត២ពាន់គីឡូក្រាម និងគ្រឿងទេសជាច្រើនទៀត។
មន្រ្តីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចរូបនេះ បានបន្តឲ្យដឹងទៀតថា ក្រោយការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ច បានដកហូតប្រហិតត្រីដែលចម្អិនរួច ចំនួន៣៣បាវ គិតជាទម្ងន់១,៧៤៩គីឡូក្រាម និងគ្រឿងទេសមួយចំនួន រួមមាន ម្ស៉ៅមី និងម្ស៉ៅឆាចំនួន២០២បាវ, ខ្លឹមសចំនួន៧៣បាវ, ប៊ីចេងចំនួន៩បាវ, ម្ស៉ៅស្វិតចំនួន៥៨បាវ, ម្ស៉ៅរ៉តឌីចំនួន២៣បាវ, ម្រិចចំនួន៩បាវ និងម្ស៉ៅរសជាតិចំនួន៤កញ្ចប់ ចង់វេចខ្ចប់មានអក្សរ ថៃ និងវៀតណាម ហើយបច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចរឹបអូស យកទៅរក្សាទុក ដើម្បីបញ្ជូនធ្វើការត្រួតពិនិត្យ តាមបច្ចេកទេសបន្ថែមទៀត នៅនាយកដ្ឋានកាំកុងត្រូល។
លោកបន្តទៀតថា ករណីឆែកឆេរទីតាំងប្រហិតត្រី នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ធ្វើការត្រួតពិនិត្យដោយមានការចូលរួមពីមន្រ្តីកាំកុងត្រូល ហើយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលពិសោធន៍ របស់កាំកុងត្រូលជាមុនសិន ហើយប្រសិនបើមានការកឃើញថា បានធ្វើឡើងខុសបច្ចេកទេស មានលាយនូវសារធាតុគីមី ប៉ះពាល់ដល់សុខភាពអ្នកទទួលទានមែន សិប្បកម្មផលិតប្រហិតត្រីនេះ នឹងប្រឈមមុខ នឹងការបិទអាជីវកម្មផងដែរ៕