(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ និងទស្សនាតំបន់ទេសចរណ៍មួយចំនួនៅកម្ពុជា លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញហើយនារសៀលនេះ។

ការធ្វើមាតុភូមិរបស់រដ្ឋមន្ត្រីទេសចរណ៍ឡាវ មានការជូនដំណើរដោយ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ រួមទាំងមន្ត្រីជំនាញមួយចំនួនផងដែរ។

អំឡុងមានវត្តមាននៅកម្ពុជា លោកស្រី Suanesavanh Vignaket ​បានទៅទស្សនៈកិច្ចតំបន់សក្តានុពលទេសចរណ៍កម្ពុជាជាច្រើនកន្លែង និងបានកោតសរសើរអំពីភាពរីកចម្រើននៃវិស័យទេសចរណ៍របស់កម្ពុជា ដែលមានតំបន់ទេសចរណ៍គួរឱ្យទាក់ទាញទាំងបុរាណ និងទំនើប។

សូមជម្រាបថា រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។ វត្តមានរបស់លោកស្រីមកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើងហោះហើរឡាវឡើងវិញ ផងដែរ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ៕