(ពោធិ៍សាត់)៖ ឆ្លើយតបតាមការចាត់តាំងជាចាំបាច់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការជួយគាំទ្រ ពីសំណាក់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់, នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល ជាមួយបណ្តាញនិវត្តន៍ជន និងបណ្តាញគ្រួសារគ្រូបង្រៀនបេះដូងបាកាន សរុបចំនួន១,៣៨៨នាក់ នៅបរិវេណស្នាក់ការគណបក្សឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលមានជំនឿ លើកគណបក្សប្រជាជន ​ព្រម​ទាំងបានបោះឆ្នោតជូនគណបក្ស ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ចំណាត់ថ្នាក់ល្អ ពីមួយយអាណត្តិទៅមួយអាណត្តិ។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានាថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយ និងជាថ្ងៃដំបូងបង្អស់ ក្រោយការចាត់តាំង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការជួយគាំទ្រ ពីសំណាក់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ ដែលមានទំនុកចិត្តចាត់រូបលោក ឱ្យជួយពង្រឹងការងារយុវជន និងបណ្តាញគ្រូបង្រៀន ក្នុងស្រុកបាកាន បន្ថែមលើការងារបច្ចុប្បន្ន។

លោកបានថ្លែងទៀតថា រយៈពេលប៉ុន្មានឆ្នាំមកនេះ សមិទ្ធផលក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ក៏ដូចជាក្រុងស្រុកដ៏ទៃទៀត នៃខេត្តពោធិ៍សាត់ គឺមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយយើង ពិសេសក្រោមម្លប់នៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ ជួយសង្គ្រោះប្រទេសជាតិឱ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាម។ ដូច្នេះហើយ យើងត្រូវរួមគ្នាជាចង្កឹះមួយបាច់​ ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ភូមិ ឃុំ ក្រុង ស្រុក ខេត្តរបស់យើង ដូចជា៖ ផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធធារាសាស្ត្រ, រោងចក្រ, សហគ្រាស និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ឱ្យកូនចៅយើងមានការងារធ្វើ មានប្រាក់ខែសមរម្យ និងមិនចាំបាច់ធ្វើចំណាកស្រុក។

លោក កែវ រតនៈ ក៏បានហាមដាច់ខាតដល់គ្រប់មន្ត្រីរាជការ មិនត្រូវយកកម្រៃសេវាសាធារណៈពីប្រជាពលរដ្ឋ មិនឱ្យលើសពីតម្លៃកំណត់របស់រដ្ឋនោះឡើយ ផ្ទុយទៅវិញត្រូវសហការគ្នាបម្រើប្រជាពលរដ្ឋឱ្យបានដិតដល់ ឆាប់រហ័ស និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។ បើមានអ្នកយកលុយសេវាសាធារណៈ សូមរាយការណ៍មកថ្នាក់លើជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។

ជាការលើកទឹកចិត្ត ដល់ចាស់ព្រឹទ្ធាចារ្យដែលជាបណ្តាញនិវត្តន៍ជន ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លោកសន្យាថានឹងអញ្ជើញលោកអ៊ុំ លោកពូ អ្នកមីញ ទៅទស្សនកិច្ចកម្សាន្ត នៅខេត្តសៀមរាប ដែលបេះដូងនៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកបានចែកជូនវត្ថុកំដរដៃ ដល់បណ្តាញនិវត្តន៍ជន និងបណ្តាញគ្រួសារគ្រូបង្រៀនបេះដូងបាកាន សរុបចំនួន១,៣៨៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ, ត្រីខ១០កំប៉ុង និងថវិកា២ម៉ឺនរៀល៕