(ភ្នំពេញ)៖ លោក ពុយ គា ដែលជាអ្នកសារព័ត៌មានជើងចាស់ជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិធំៗ បានបរិយាយថាប្រទេសអ្នកមានមួយចំនួនកំណាញ់ម៉ៅស្វិតពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ផ្ទុយទៅវិញ លោកបានកោតសរសើរចំពោះប្រទេសសមាជិកអាស៊ានមួយចំនួនដែលមិនមែនជាប្រទេសអ្នកមាន តែមានចិត្តទូលាយច្រើន​ នៅពេលទទួលធ្វើជាម្ចាស់ផ្ទះម្តងៗ។

ថ្លែងក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មានជាន់ខ្ពស់ជិត១០០នាក់ ស្តីពី «ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ពុយ គា បានចែករំលែកបទពិសោធពីកិច្ចប្រជុំអន្តរជាតិសំខាន់ៗដោយលើកឧទាហរណ៍ចំៗ ទៅលើប្រទេសមួយចំនួនដូចជា ប៊ែលហ្សិក សិង្ហបុរី ហ្វីលីពីន និងឡាវ ជាដើម។

«បើទៅខាងប៊ែលហ្សិក ព្រុចសែល ប្រជុំកំពូលអាស៊ីអឺរ៉ុបគឺថា មហាស្វិត សូម្បីតែកាហ្វេក៏ត្រូវការទិញដែរ, Media Pass ហ្នឹងក៏ទារ៥០ដុល្លារដែរ ទាល់តែអ្នកកាសែតតវ៉ាមែនទែន បានគាត់ឱ្យ Free វិញ។ គេឱ្យតែផ្លែប៉ោមមួយ និងទឹកសុទ្ធប៉ុណ្ណឹងទេ»

ផ្ទុយទៅវិញ លោក ពុយ គា បានសរសើរប្រទេសថៃដែលបានផ្តល់សេវាបន្ថែមទៀត ដូចជាម៉ាស្សា ដល់អ្នកសារព័ត៌មាន និងគណប្រតិភូ។ លោកក៏សរសើរប្រទេស​ឡាវ និងហ្វីលីពីន ដែលមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែមានចិត្តទូលាយ ដែលបានរៀបចំម្ហូបអាហារច្រើនពេញៗតុ ល្អៗ រួមទាំងគ្រឿងសមុទ្រផង សម្រាប់អ្នកសារព័ត៌មាន និងប្រតិភូ។ ប៉ុន្តែប្រទេសសិង្ហបុរី ដែលជាប្រទេសអ្នកមានជាងគេនៅអាស៊ាន បែរជាកំណាញ់ស្វិតទៅវិញ។

ការចែករំលែកបទពិសោធ និងចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាន ធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ នាសប្តាហ៍ក្រោយនេះ។

ចំពោះភាពជាម្ចាស់ផ្ទះរបស់អាស៊ាននេះ លោក ពុយ គា ក៏បានកោតសរសើរលើការខិតខំរៀបចំរបស់កម្ពុជាផងដែរ។ លោកក៏បានកោតសរសើរអំពីការរៀបចំ Media Center ធំទូលាយ ដែលអាចផ្ទុកអ្នកសារព័ត៌មានជាង​១៧០០នាក់ និងទាំងរបៀបរបបនៃការធ្វើបដិសណ្ឋារកិច្ចរបស់ខ្មែរថែមទៀត។

កម្ពុជាត្រូវបានគេអបអរសាទរ និងកោតសរសើរចំពោះភាពជោគជ័យនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕