(ព្រៃវែង)៖ លោក អ៉ីវ លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលជាតិ ចុះជួយឃុំបឹងព្រះ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងជាប្រជាពលរដ្ឋនៅក្នុងភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីប្រធានក្រុមការងារចុះជួយភូមិក្បាលដំរី ប្រធានក្រុមការងារចុះជួយភូមិ សមាជិក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួន។

លោកប្រធានក្រុមការងារឃុំ បានលើកឡើងពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ, សម្តេចក្រឡាហោម ប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងលោកប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ជូនប្រជាពលរដ្ឋបានជ្រាបបន្ថែមទៀត។

លោកបានបន្តថា ការធ្វើនយោបាយរបស់ពួកអគតិមួយក្តាប់តូចតែងចិញ្ចឹមចិត្តធ្វើនយោបាយប្រជាភិថុត បំផ្លើសវាយប្រហារមកលើសមិទ្ធផលរបស់រាជរដ្ឋាភិបាល ពេលនេះឈានដល់ប្រមាថបំពានដល់អង្គព្រះមហាក្សត្រទៀត ចាំបាច់ណាស់យើងត្រូវប្រឆាំងដាច់ខាតនូវការបំពានគ្រប់រូបភាព និងចូលរួមការពារអង្គព្រះមហាក្សត្រ ការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។

លោកបានលើកឡើងពីផែនការអភិវឌ្ឍឃុំគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងសារៈសំខាន់នៃការចូលរួមផ្តល់កិច្ចសហការនិងរាយការណ៍ហេតុការណ៍នានាពីបងប្អូនប្រជាជនមកអាជ្ញាធរ។

ឆ្លៀតឱកាសនោះ លោកបានលើកទឹកចិត្តដល់ពលរដ្ឋ ករណីដែលបានរាយការណ៍ឱ្យដឹងពីការឆក់ត្រី លួចមាន់ ក្មេងទំនើងវ៉ៃគ្នា ក្នុងពេលលោកជួបសំណេះសំណាលកន្លងមក។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំចូលរួមរាយការណ៍ពីអ្នកទីទាល់ជួបការលំបាក មកក្រុមការងារ ដើម្បីជួយសម្រួលជូនគាត់តាមភាពជាក់ស្តែងផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៉ីវ លាង បានអនុញ្ញាតជូនប្រជាពលរដ្ឋលើកឡើងពីសំណូមពរនានា ក្នុងនោះមាន ស្នើសុំចាក់ដីបំពេញជង្ហុកតាមដងផ្លូវ កាយប្រឡាយទឹកប្រមាណ៨០០ម៉ែត្រ និងដាក់លូរំដោះទឹក ឆ្លើយតបចំពោះបញ្ហានេះ លោកបានទទួលយកទាំងអស់ ដោយឡែកសម្រាប់ការកាយប្រឡាយទឹក និងដាក់លូ លោកបានប្រគល់ជូនក្រុមការងារភូមិជាមួយឃុំ សិក្សាពិនិត្យដើម្បីទទួលយកបានទាំងអស់គ្នា ជៀសវាងអ្នកខាងលើសប្បាយ តែអ្នកខាងក្រោមបែរជាមិនសប្បាយទៅវិញ៕