(ភ្នំពេញ)៖ លោក ផេង គីមស្រ៊ុន ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសសមាគមថ្នាលយុវជនកម្ពុជា (ស.យ.ក) ឱ្យប្រឹងប្រែងកសាងកម្លាំងឱ្យកាន់តែធំ ដើម្បីចូលរួមធ្វើសកម្មភាពបម្រើសង្គម។ ក្នុងនោះ ត្រូវប្រឹងប្រែងកៀរគរកម្លាំងយុវជនឱ្យបានកាន់តែច្រើន ជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក ផេង គីមស្រ៊ុន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធិផលការងារឆ្នាំ២០២២ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០២៣ របស់សមាគមថ្នាលយុវជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងសមាជិក សមាជិកាសមាគមគ្រប់ជាន់ថ្នាក់មកពីតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុកនៅទូទាំងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះប្រធានសមាគម បានឡើងបង្ហាញនូវសមិទ្ធផលការងារ និងសកម្មភាពមួយចំនួន ដែលសមាគមបានធ្វើជាការរួមចំណែកក្នុងការកសាងសង្គម និងលើកបង្ហាញនូវផែនការមួយចំនួនទៀត ដើម្បីកសាងកម្លាំង និងសកម្មភាពរបស់សមាគមឱ្យកាន់តែសកម្មថែមទៀតនៅក្នុងសង្គម។
ក្នុងនាមជាប្រធានកិត្តិយសរបស់សមាគម លោក ផេង គីមស្រ៊ុន បានបង្ហាញការរីករាយ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា។ លោក បានគូសបញ្ជាក់ថា បើទោះបីសមាគមទើបនឹងបង្កើត តែបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសង្គម ហើយបង្កើតបានរចនាសម្ព័ន្ធនៅគ្រប់រាជធានី-ខេត្ត និងក្រុង-ស្រុក។ ជាពិសេសបានកៀរគរកម្លាំងយុវជនបានកាន់តែចូលរួម ដើម្បីចូលរួមធ្វើសកម្មភាពជាមួយសមាគម។
ជំនួយការរបស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់សមាគម ដែលបានដាក់ចេញនូវផែនការសកម្មភាព និងជំហរយ៉ាងច្បាស់លាស់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។ ជាពិសេសបានប្តេជ្ញាគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងកិច្ចប្រជុំនេះ លោក ផេង គីមស្រ៊ុន ក៏បានជំរុញឱ្យសមាគមប្រឹងប្រែងកៀរគរសមាជិកឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើសកម្មភាពឱ្យបានកាន់តែខ្លាំងក្លា។
លោក គីមស្រ៊ុន ក៏បានណែនាំឱ្យសមាគមប្រឹងប្រែងធ្វើសកម្មភាពពន្យល់ដល់យុវជន អំពីគោលនយោបាយដឹកនាំ និងសមិទ្ធផលទាំងឡាយរបស់ជាតិកើតចេញពីការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្រាប់លោក គីមស្រ៊ុន ការពន្យល់ឱ្យយុវជនបានជ្រូតជ្រាបពីគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងនាំឱ្យមានការគាំទ្រមួយដ៏ច្បាស់លាស់ និងរឹងមាំ៕