(ស្ទឹងត្រែង)៖ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះជាង៣០នាក់ ចុះជួយប្រមូលផលស្រូវរបស់ប្រជាកសិករ នៅភូមិបានបុង ឃុំភ្លុក ស្រុកសេសានអភិបាលស្រុកសេសាន បានបញ្ជាក់ថា កម្លាំងចម្រុះថ្នាក់ស្រុក ចំនួនជាង៣០នាក់ ជួយច្រូតស្រូវប្រជាកសិករ នៅក្នុងពេលដែលពួកគាត់ខ្វះខាតកម្លាំងប្រមូលផល។ ហើយនេះក៏ជាការពន្លឿនដល់ការងារប្រមូលផលស្រូវ ឱ្យទាន់រដូវកាលផង និងបានបញ្ចៀសពីការខូចខាតដោយសារសត្វចង្រៃស៊ីបំផ្លាញដូចជាសត្វកណ្តុរជាដើម។ ខណៈការងារប្រមូលផលស្រូវកសិករក្នុងស្រុកសេសាន សម្រេចបានជាង ១,០០០ហិកតាហើយ កិច្ចការងារនេះអាជ្ញាធរស្រុកបានដឹកនាំកម្លាំងចុះជួយបន្ថែមដើម្បីពន្លឿនការងារច្រូតកាត់ឱ្យទាន់រដូវកាល។
លោក សុវណ្ណ ពិសេដ្ឋ បានបន្តថា ឆ្នាំនេះផលស្រូវកសិករ ទទួលបានទិន្នផលល្អជាងឆ្នាំកន្លងមក ដោយសារតែទឹកភ្លៀងអំណោយផល តាំងពីដើមរដូវរហូតមកដល់ចុងរដូវ ថ្វីត្បិតតែនៅស្រុកសេសាននេះ ស្រូវស្រែមួយចំនួនបានរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងកន្លងមកក៏ដោយ។
លោកអភិបាលស្រុក បានបញ្ជាក់ថា ផលប៉ះពាល់នេះមិនខូចខាតធ្ងន់ធ្ងរនោះទេ ដូចនេះនៅពេលប្រមូលផល សូមឱ្យបងប្អូនកសិករយើង រួសរាន់ ក្នុងការច្រូតកាត់ ហើយបើបងប្អូនកសិករមានលទ្ធភាព អាចប្រែក្លាយផ្ទៃដីដែលមានប្រភពទឹក ត្រូវនាំគ្នាបន្តដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីស្ដារសេដ្ឋកិច្ចស្បៀង ប្រចាំគ្រួសារឱ្យមានភាពរីកចម្រើនឡើង។
បន្ថែមពីនេះ លោក សុវណ្ណ ពិសេដ្ឋ បានលើកឡើងថា សិករម្ចាស់ស្រែនៅភូមិបានបុងឃុំភ្លុក បានសំដែងការសាទរដល់ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រាប់អាវុធ រួមនឹងកម្លាំងមន្ត្រីរាជការ បានមកជួយច្រូតកាត់ប្រមូលផលស្រូវ កសិករបានសម្រាលដល់ការចំណាយថវិកាក្នុងការជួលកម្លាំងមកច្រូតកាត់។ សកម្មភាពនេះបានបង្ហាញពីការលះបង់របស់ថ្នាក់ដឹកនាំស្រុកក៏ដូចជាមន្ត្រីរាជការរបស់ យើងទាំងអស់គ្នា នៅថ្ងៃឈប់សម្រាកពីការងារ បានមកជួយការងារកសិករយើងដោយមិនរើសអើង។
សូមបញ្ជាក់ថា នៅស្រុកសេសានខេត្តស្ទឹងត្រែង កសិករប្រមាណ ៨០% ធ្វើការងារបង្ករបង្កើនផលស្រូវ ១៥%ទៀត ធ្វើដំណាំចំការ និង៥% ពួកគាត់ប្រកបរបរលក់ដូរ ហើយនៅឆ្នាំ២០២២នេះ កសិករយើងអនុវត្តការងារបង្កបង្កើនផលបានជាង ៥០០០ហិកតា បច្ចុប្បន្នប្រមូលផលស្រូវបានជាង ១,០០០ហិកតា ស្មើនឹង១៤% នៅសេសសល់កំពុងតែធ្វើការប្រមូលផលបន្ត៕