(ភ្នំពេញ)៖ យោងអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និង អន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ក៏បានប្រាប់ដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ កម្លាំងត្រូវបានប្រមូលផ្តុំ ១០០% ដើម្បីអនុវត្តការងារឲ្យបានល្អ ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ រួមនិងការ ស្លៀកពាក់ឯកសណ្ឋានការងារ ឲ្យបានត្រឹមត្រូវ។
សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនចូលរួម។
ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផងដែរ។
សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារវិញ មានចំនួនប្រមាណជាង១.២ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។ ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជាមានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាលើកទីបីហើយ ដែលលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ នេះជាមោទនភាពជាតិដ៏ធំធេង ដោយសារវានឹងឆ្លុះបញ្ចាំងឲ្យតំបន់ និងសកលលោកទទួលស្គាល់ និងដឹងអំពីសក្តានុពលរបស់កម្ពុជា ហើយនេះក៏ជាវេទិកាមួយដែលផ្តល់កិត្តិយសដល់កម្ពុជា ឆ្លុះបញ្ចាំង អំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕