(កណ្តាល)៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ គ្មានទីពឹង និងជនងាយរងគ្រោះចំនួន ១៣៤គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានអំណោយនៃក្តីស្រឡាញ់ ពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកខ្សាច់កណ្តាល (ស.ស.យ.ក)។
ពិធីប្រគល់អំណោយនៃក្តីស្រឡាញ់នេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធាន ស.ស.យ.ក ស្រុក, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងមន្ត្រីរាជការក្នុងស្រុកមួយចំនួនផងដែរ។
នាឱកាសនោះដែរ លោក ចេង ឌីណា បានគូសបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពជួបការលំបាកជាក់ស្តែងពីភាពខ្វះខាត និងតម្រូវការចាំបាច់ផ្គត់ផ្គង់ប្រចាំថ្ងៃ អាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
បន្ថែមពីនេះទៀត លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់ នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រាក់ប្រចាំថ្ងៃ និងសូមប្រើប្រាស់ស្បៀងឱ្យចំគោលដៅ ត្រូវអប់រំកូនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ដើម្បីចៀសវាង គ្រោះថ្នាក់ចរាចរណ៍ និងបន្តចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា អំណោយនៃក្តីស្រឡាញ់ ស.ស.យ.ក គឺជាគំនិតផ្តួចផ្តើមដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ដែលបានចង្អុលបង្ហាញ និងណែនាំឱ្យ ស.ស.យ.ក ស្រុក បង្កើតអំណោយនៃក្តីស្រឡាញ់ ចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រីក្រ គ្មានទីពឹង នៅតាមមូលដ្ឋាន។
សម្រាប់គោលបំណង គឺចង់ឱ្យសមាជិក សមាជិកា ស.ស.យ.ក នៅតាមភូមិ ឃុំ មានការចូលរួមការងារសង្គម ការងារមនុស្សធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួនទោះបីជាសកម្មភាពណាមួយក៏ដោយ មិនថាតិចក្តី ច្រើនក្តី ពោលគឺធ្វើឡើងដោយស្ម័គ្រចិត្ត ពេញចិត្ត និងប្រកបដោយក្តីស្រឡាញ់៕