(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង ឃាត់ខ្លួនបុរសចំនួន២នាក់ និងអ្នកសមគំនិតម្នាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្របច្ច័យ បោកប្រជាពលរដ្ឋ ក្នុងឃុំបិតត្រាំង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១៖៣៥នាទី កម្លាំងប៉ុស្តិ៍បិតត្រាំង និងប្រជាការពារចេញល្បាតតាមដងផ្លូវនៅចំណុចរង្វង់មូលព្រះថោង ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យក្លែងជាព្រះសង្ឃចំនួន២នាក់ កំពុងដើរបិណ្ឌបាត្របច្ច័យប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ដែលមកលេងកម្សាន្តនៅរង្វង់មូលព្រះថោងឃើញដូចនោះ កម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំ ទើបដឹងថា ជាលោកសង្ឃក្លែងក្លាយ ក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់ (សង្ឃក្លែងក្លាយ) យកមកសួរនាំ។
សមត្ថកិច្ចដដែលបានបន្តថា បន្ទាប់មកក៏បានដឹងថា មាន២នាក់ កោរសក់ស្លៀកស្បង់ចីវរបន្លំធ្វើជាព្រះសង្ឃ និងម្នាក់ទៀត ជាអ្នកបើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិ។
សមត្ថកិច្ចបានបន្ថែមថា ក្រោយពេលបន្លំដើរបិណ្ឌបាត្ររួច ពួកគេបានយកស្បង់ចីវរ និងបាត្រទៅលាក់ទុកក្នុងព្រៃ។ សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យ និងតាមឃ្លាំមើលរហូតឈានដល់ការឃាត់ខ្លួន យកមកដោះស្រាយតាមនិតិវិធី។
សូមបញ្ជាក់ថា បុរសទាំង៣ខាងលើមានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះង៉ែត ស្រស់ អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិតាឡូសែនជយ័ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (អ្នកដឹកជញ្ជូន)។
*ទី២៖ ឈ្មោះ សៀន កវី អាយុ៣០ឆ្នាំ មានស្រុកកំណើត ភូមិត្រម៉ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង (ក្លែងជាសង្ឃ) ជាម្ចាស់ម៉ូតូ។
*ទី៣៖ ឈ្មោះ ឌី គៀត អាយុ៥៧ឆ្នាំ មានស្រុកកំណើតភូមិត្រម៉ ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង (ក្លែងជាសង្ឃ)។
ចំពោះវត្ថុតាងដកហូតរួមមាន៖ ហង់សាក់ចំនួន២, ស្បង់ចីពរចំនួន២, សំពុតងូតទឹកចំនួន២, ថង់យាមចំនួន២, ខ្សែរក្រវ៉ាត់ចំនួន២ ពណ៌លឿង១ នឹងក្រម៉ៅ១ខ្សែ, បាត្រចំនួន១, ធៀបបុណ្យកឋិនចំនួន៣, ទូរស័ព្ទចំនួន៣គ្រឿងចំនួន, ម៉ូតូចំនួន១គ្រឿងម៉ាក់ C125 ពណ៌ខ្មៅ ស៊េរី០១៨ ផ្លាកលេខ សៀមរាប 1Z-1655។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕