(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន រតនៈ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ទិវានេះបានធ្វើឡើងនៅចំណុចស្តូបវិមានឯករាជ្យខេត្តកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។
ក្នុងឱកាសនោះដែរ លោក ងួន រតនៈ បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលខេត្តកំពង់ធំ យើងបានប្រារព្ធទិវាអបអរខួបអនុស្សាវរីយ៍បុណ្យឯករាជជាតិ ៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២២ ខួបលើកទី៦៩ និងទិវារំលឹកខួបកំណើតកងយោធពលខេមរភូមិន្ទ និងបានរៀបចំពិធីប្រណាំងទូក «ង» ផងដែរ។
ទិវានេះបានធ្វើឡើងក្នុងន័យសម្ដែងនៅមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរការដឹងគុណថ្ងៃទិវាជាតិប្រវត្តិសាស្ត្រដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជាដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែ វិច្ឆិកាឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវិរ:ក្សត្រព្រះវររាជបិតា ឯករាជបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវី ពោរពេញទៅដោយបទពិសោធន៍កំពូល ហើយក្នុងនោះក៏មានខេត្តកំពង់ធំមួយក្នុងការចូលរួមធ្វើចលនាទាមទា។
ទ្រង់បានយាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបាន ធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្តីថ្លែងការណ៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំឈ្មោះថាញីវយ៉កថែម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាល បារាំងទទួលយល់ព្រមធ្វើការចរចាជាមួយលោក ប៉ែន នុត តំណាង ផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
ការចរចានៅប៉ារីសបានឈានទៅដល់សំណើមួយដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាងមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។
ក្រោយមកព្រះអង្គ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយដែលទាក់ទាញពិភពលោក ស្តីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិនពេញចិត្តនេះ អាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
លោកបានបន្តថា សម្តេចព្រះបរមរតនកោដ្ឋទ្រង់មានព្រះតម្រិះរិះរកគន្លឹះដើម្បីដោះស្រាយបញ្ហាមាតុភូមិកម្ពុជា ប្រកបដោយគតិបណ្ឌិតទេពកោសល្យ ធ្វើឱ្យមាតុភូមិមានសុខសន្តិភាពរស់ក្រោមដំបូលឆ័ត្រតែមួយ។
ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកាឆ្នាំ ២០២២ ក្នុងឱកាសដ៏អធិកអធម្មនោះ គឺសង្កេតឃើញថ្នាក់ដឹកនាំខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព បានអញ្ជើញឡើងដាក់កម្រងផ្កា ក្នុងស្តូបវិមានឯករាជ្យ ប្រកបដោយទឹកមុខរីករាយ និងបានបង្ហោះប៉ោងៗដោយចងពាក្យស្លោកដ៏មានអត្ថន័យផងដែរ៕