(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ពិធីប្រគល់រៀបចំឡើងកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់នៅក្នុង Facebook Page ផ្លូវការថា «សាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ ជូនដល់ប្រជាជនដែលនាំ កូនចៅមកទទួល សេវាព្យាបាលសុខភាព នៅ មន្ទីរពេទ្យ គន្ធបុប្ផា៤ រឿងសាងសង់ មិនពិបាកទេ អ្វីដែលពិបាកបំផុតរកអ្នកស្ម័គ្រចិត្ត មកធ្វើអនាម័យបន្ទប់ទឹកនេះណាស់ បើទោះជាខ្ញុំសាងសង់បន្ទប់ សម្រាកមានទាំងគ្រែដែកដ៏ រឹង មាំទុកសម្រាប់ឱ្យប្រើប្រាស់ យ៉ាងណាក៏ដោយចុះ ។ អរគុណច្រើនណាស់់ដល់ លោកអភិបាលខណ្ឌដូនពេញ ដែលរកបានភរិយារបស់សន្តិសុខខណ្ឌស្ម័គ្រចិត្ត បំរើការងារនេះបើទោះបី ជាខ្ញុំត្រូវចេញប្រាក់ខែឱ្យចំនួន១៥០$ ជារៀងរាល់ខែក៏ដោយចុះ»។
ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។
គួរបញ្ជាក់ថា បន្ទប់ទឹក និងបង្គន់អនាម័យ ដែលសាងសង់រួចនោះ អាចឲ្យមនុស្សចូលបន្ទោរបង់បានម្តង ៥នាក់ ហើយអាចចូលបទជើងតូច ឬ ងូតទឹកឲ្យក្មេងតូចៗ បាន១០នាក់បន្ថែមទៀត។ ការចាប់ផ្តើមសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យសាធារណៈ បានធ្វើឡើងបន្ទាប់ពីរូប លោកមើលឃើញប្រជាពលរដ្ឋ ខ្មែរជាច្រើនដែលយកកូនៗទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ជួបការលំបាកពេលត្រូវបន្ទោបង់ម្តងៗ។ ឧកញ៉ា ម៉ុង ឫទ្ធី រំពឹងថា បន្ទប់ទឹកនិងបង្គន់អនាម័យនេះ នឹងជួយដោះស្រាយកង្វះកន្លែងបន្ទោបង់របស់ប្រជាពលរដ្ឋដែលមករកសេវានៅ មន្ទីរពេទ្យគន្ធបុប្ផានេះ។ ចំណែកកន្លែងអង្គុយរង់ចាំចំនួន១០បន្ថែមទៀត ដាក់នៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសម្រួល ដល់ការអង្គុយរង់ចាំ របស់ប្រជាពលរដ្ឋមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យក្នុងមួយថ្ងៃ។
លោក ម៉ុង ឫទ្ធី ត្រូវបានគេមើលឃើញថា តែងតែបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា កន្លងមកឧកញ៉ា ម៉ុង ឫទ្ធី តែងផ្សព្វផ្សាយនូវសកម្មភាពមនុស្សធម៌ របស់លោក ដូច្នេះបើអ្នកមានធនធានដទៃយល់ថា សកម្មភាពមនុស្សធម៌នេះល្អ លោក ក៏លើកទឹកចិត្តឲ្យរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយដោះស្រាយ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល៕