(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិតចំនួន៣៨១នាក់ ត្រូវបានស្នើបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របសលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ៣៨១ នាក់ (ស្រី ៣០នាក់)។
លោកបានបញ្ជាក់ថា ក្នុងចំណោមទណ្ឌិតទាងនោះរួមមាន៖
-ស្នើបន្ថយទោស៣ខែ ដល់ទណ្ឌិតចំនួន ២៦៨ នាក់ (ស្រី ២១ នាក់)
-ស្នើបន្ថយទោស ៦ ខែ ដល់ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ០៨ នាក់)
-ស្នើបន្ថយទោស ៩ ខែ ដល់ទណ្ឌិតចំនួន ២៦ នាក់ (ស្រី ០០ នាក់)
-ស្នើបន្ថយទោស ១២ ខែ ដល់ទណ្ឌិតចំនួន ០៥ នាក់ ( ០០ នាក់)
-ស្នើសុំលើកលែងទោស ចំនួន ០១ នាក់ ( ស្រី ០១ នាក់) ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២១មក កម្ពុជាបានកំណត់ឱ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន៥ដងក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕