(បន្ទាយមានជ័យ)៖ ក្រុមសប្បុរសជនជាច្រើននាក់ បានចុះជួយជួសជុលសាលាបឋមសិក្សាចំនួន២ ព្រមទាំងចែកសម្ភារសិក្សា និងអាហារចែកដល់សិស្សានុសិស្ស សរុបចំនួន១៦៦នាក់ លោកគ្រូអ្នកគ្រូចំនួន១៥នាក់ ព្រមទាំងចាស់ជរាប្រមាណ៦០នាក់ និងស្ត្រីដែលមានជីវភាពខ្វះខាត ដែលទើបនឹងសម្រាលកូនរួច ត្រូវបានទទួលអំណោយ ព្រមទាំងថវិកាមួយចំនួន ពីសប្បុរសជនក្រុងប៉ោយប៉ែត អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
លោក ប៊ុន ណាំអៀង តំណាងឲ្យក្រុមសប្បុរសជន បានឲ្យដឹងនៅថ្ងៃព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្រុមការងារលោកបានចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពខ្វះខាតរបស់ពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ដូច្នេះហើយលោកក៏គៀរគរ ដល់សប្បុរសជនក្នុងស្រុក និងក្រៅប្រទេសដើម្បីចូលរួមទាំងអស់គ្នា។ លោកបន្ថែមថា ក្រុមការងារមនុស្សធម៌ គឺអាស្រ័យទៅលើការចុះជួបនូវស្ថានភាពជាក់ស្តែង មិនមាននិន្នាការនយោបាយណាឡើយ គឺផុសចេញពីបេះដូងពិតៗ។
លោកបន្តថា សាលាបឋមសិក្សាធ្មេញត្រី ដែលមានផ្ទៃដីទំហំ២២.៥ម៉ែត្រ x ៩ម៉ែត្រ ត្រូវបានទទួលការឧបត្ថម្ភបន្ថែម នូវការលើកដី ចាក់សាប ដាំដើមឈើ ព្រមទាំងសាងសង់បង្គន់១ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។ អំណោយដែលទទួលបានពីសប្បុរសជន ដើម្បីចែកជូនរួមមាន៖ ឆ័ត្រចំនួន២០០, ស្បែកជើងផ្ទាត់ចំនួន២០០គូ, សម្ភារសិក្សា២០០ឈុត, ខោអាវកីឡាចំនួន២០០ឈុត, នំប៉័ងចំនួន៣០០ដុំ, តែត្រជាក់ TENSAI ចំនួន៤៨០ដប, ទឹកបរិសុទ្ធចំនួន២០០យួរ, ក្តាឃានធំៗ ចំនួន៦ផ្ទាំង, ថវិការចំនួន១,៦០០,០០០រៀល, និងម្ហូបអាហារចំនួនមួយពេល សម្រាប់ក្រុមការងារសប្បុរសជន៕