(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ចំនួន២គោលដៅផ្សេងគ្នាៗក្នុងរាជធានីភ្នំពេញ នៅផ្សារព្រែកជ្រៃ ក្នុងសង្កាត់ដង្កោ និងជិតរង្វង់មូលព្រំមុខបួន ក្នុងសង្កាត់ជ្រោយចង្វា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសបើកយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា»។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១១០នាក់ផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ។

លោកស្រីអគ្គលេខាធិការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។

លោកស្រីបានថ្លែងថា «យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន ៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សរុប ៩៤២នាក់ ហើយការបើកយុទ្ធការនេះឡើង ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ និងសាធារណៈជន ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ ជាពិសេសដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក ខាងមុខនេះ»។

ក្នុងយុទ្ធនាការនេះ ក៏មានរៀបចំសំណួរចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្ត ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូកង់បី ដែលធ្វើដំណើរឆ្លងកាត់ពិធីជាច្រើនរយគ្រឿង។ ក្នុងឱកាសសំណួរចម្លើយនេះ ប្រជាពលរដ្ឋ៤០នាក់ ទទួលបានមួកសុវត្ថិភាព និង៤៦០នាក់ផ្សេងទៀតទទួលបានរង្វាន់លើកទឹកចិត្ត៕