(ភ្នំពេញ)៖ លោក ពុយ គា អ្នកសារព័ត៌មានជំនាញអាស៊ាន និងជាប្រធានការិយាល័យនៃទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ប្រចាំកម្ពុជា បានចែករំលែកនូវគន្លឹះមួយចំនួនដល់អ្នកសារព័ត៌មាន សម្រាប់ចូលរួមផ្ដិតយកខ្លឹមសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការចែករំលែកនូវចំណុចគន្លឹះសំខាន់ៗរបស់អ្នកសារព័ត៌មានជើងចាស់រូបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានស្តីពី «ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមជាវាគ្មិនពី តំណាងក្រសួងព័ត៌មាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ។
អ្នកសារព័ត៌មានដែលមានបទពិសោធន៍ឆ្អិនឆ្អៅ រហូតសរសេរបាននូវសៀវភៅ «អាថកំបាំងក្រៅឆាករបស់អាស៊ាន» ថែមទៀតនោះ លោក ពុយ គា បានបង្ហាញនូវគន្លឹះសំខាន់ៗ ចំនួន៥ចំណុច ដែលអ្នកសារព័ត៌មានគួរតែដឹង និងត្រៀមខ្លួនជាមុន មុនឈានជើងចូលយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំកំពូលៗ លើពិភពលោក និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន។
គន្លឹះ៥ចំណុច ដែលផ្ដើមចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ពុយ គា ដែលបានលើកយកមកបង្ហាញនោះរួមមាន៖
*ទី១៖ ត្រូវដឹងអំពីកម្មវិធី នៃដំណើរការកិច្ចប្រជុំ ពោលត្រូវដឹងអំពីពេលវេលាជាក់លាក់ និងកម្មវិធីទូទៅតាំងពីថ្ងៃចាប់ផ្ដើមដំបូង រហូតដល់កិច្ចប្រជុំត្រូវបានបិទបញ្ចប់ ដើម្បីងាយស្រួលក្នុងការតាមដាន និងផ្ដិតយកខ្លឹមសារសំខាន់ៗចេញពីកិច្ចប្រជុំ។
*ទី២៖ ត្រូវដឹងថា តើនរណា ជានរណា? ចំណុចនេះលោកបានពន្យល់ថា អ្នកសារព័ត៌មានត្រូវដឹងច្បាស់ថា តើអ្នកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទាំង៣៤រូបនោះ គឺជានរណាខ្លះ ហើយមានតួនាទីអ្វី។
*ទី៣៖ បញ្ហាក្ដៅ។ ចំណុចនេះលោកបានធ្វើការបែងចែកជាពីរ ដោយមួយសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក និងមួយផ្នែកទៀត សម្រាប់ឆាកអន្ដរជាតិ។ ការផ្សព្វផ្សាយនៅក្នុងស្រុក គឺសំដៅទៅលើអ្វីដែលផលចំណេញរបស់កម្ពុជាពីកិច្ចប្រជុំនេះ។ ខណៈសម្រាប់ឆាកអន្ដរជាតិវិញ ត្រូវបានបែងចែកជា៥មុំសំខាន់ៗ រួមមាន៖ បញ្ហាមីយ៉ាន់ម៉ា ឬភូមា, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាកូរ៉េខាងជើង, បញ្ហាចិន និងតៃវ៉ាន់ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
*ទី៤៖ ឯកសារពាក់ព័ន្ធក្នុងកិច្ចប្រជុំ។ លោកបានបង្ហើបថា តាមអ្វីដែលលោកទទួលបាននោះ ឯកសារសំខាន់ៗពាក់ព័ន្ធកិច្ចប្រជុំនេះ គឺមានរហូតដល់៩៩ឯកសារឯណោះ ដែលទាមទារឲ្យអ្នកសារព័ត៌មានស្វែងយល់ឲ្យបានច្រើនពីវា។
*ទី៥៖ អង្កេតទូទៅនៃការរៀបចំរបស់វិស័យឯកជន ទាំងសេវាកម្សាន្ដ ភោជនីយដ្ឋាន និងសេវាផ្សេងៗទៀត ដើម្បីចង់ដឹងថា តើថ្នាក់ដឹកនាំបណ្ដាប្រទេស ឬស្ថាប័នណាខ្លះបានទៅ។
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិចូលរួម។ នេះជាមោទកភាពជាតិដ៏ធំធេង ដោយសារវានឹងឆ្លុះបញ្ចាំងឲ្យតំបន់ និងសកលលោកទទួលស្គាល់ និងដឹងអំពីសក្តានុពលរបស់កម្ពុជា ហើយនេះក៏ជាវេទិកាមួយដែលផ្តល់កិត្តិយសដល់កម្ពុជា ឆ្លុះបញ្ចាំង អំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕