(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពី កិច្ចសហការភាពជាដៃគូរ ជាមួយលោក ជុង អ៊ូតាក់ នាយកមជ្ឈមណ្ឌល អាស៊ីប៉ាស៊ីហ្វិកនៃការអប់រំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានប្រារព្ធ ពិធីចុះអនុស្សរណៈ នៃការយោគយល់ស្ដីពី កិច្ចសហការភាព ជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌល អាស៊ីប៉ាស៊ីហ្វិកនៃការអប់រំ ដើម្បីការយោគយល់អន្តរជាតិ ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ជុង អ៊ូតាក់ នាយកមជ្ឈមណ្ឌល»។
អនុស្សរណៈនៃការយោគយល់ ឬ (MOU) នេះ ផ្តោតសំខាន់ទៅលើ ការស្រាវជ្រាវក្នុងវិស័យអប់រំ ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន និងការផ្លាស់ប្ដូរបទពិសោធន៍គ្រូ បង្រៀនកម្រិតអន្តរជាតិ ដើម្បីពង្រឹងលើគុណភាពអប់រំនៅកម្ពុជា៕