(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជននានា បន្តគាំទ្រ និងសហការគ្នាឲ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សង្គមកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន ជំរុញជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ការថ្លែងបែបនេះរបស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាសភា ដើម្បីស្វែងយល់ពី «ការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៧» នៅវិមានរដ្ឋសភាជាតិ ។
សម្ដេច ហេង សំរិន បានលើកឡើងថា «ខ្ញុំសូមអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជនបន្តគាំទ្រ និងសហការគ្នា ឲ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង»។
សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ តួយ៉ាងការកំណត់គោលដៅក្នុងការរក្សា កំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមកំណើនស្ថិតក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នាដែលធ្វើឲ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេស ជោគជ័យបំផុតទី៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ឲ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប និងនាំកម្ពុជាឲ្យក្លាយជាកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះ ជាវេទិកាមួយដ៏មានសារសំខាន់ និងមានតម្លៃធំធេង សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សម្រាប់សមាជិក-សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងអំពីដំណើរការវិវឌ្ឍកាលានុវត្តភាព នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់រាជរដ្ឋាភិបាល សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ សម្រាប់ធ្វើការសម្រេចចិត្ត ក្នុងពេលអនុម័តច្បាប់ថវិកាជាតិ នាពេលខាងមុខ ឲ្យទទួលបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម៕