(ភ្នំពេញ)៖ ទីបំផុតលទ្ធផលលើការធ្វើកោសល្យវិច័យលើស្នាមមេដៃក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ (CNRP) បានរកឃើញមានភាព មិនប្រក្រតីជាច្រើន។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការនគរបាលជាតិ និង ជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើ កោសល្យវិច្ច័យស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការពិនិត្យ និងកោសល្យវិច្ច័យអស់ជាច្រើនថ្ងៃ នៅក្នុងញត្តិនោះបានរកឃើញថា មាន ស្នាមមេដៃតែមួយបានផ្តិតនៅលើឈ្មោះច្រើននាក់ ហើយស្នាមមេដៃខ្លះទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ និងស្នាមមេដៃខ្លះទៀត មិន បានបញ្ជាក់អាសយដ្ឋានច្បាស់លាស់នោះឡើយ។
នាយឧត្តមសេនីយ៍ កង សុខន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយពីការធ្វើកោសល្យវិច្ច័យនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ដំណើរការធ្វើកោសល្យវិច្ច័យនេះ ធ្វើបានប្រមាណ ៣០ភាគរយហើយ ដែលអាចឲ្យគណៈកម្មការវាយតម្លៃបានថា ស្នាមមេដៃនៅលើញត្តិ នោះមានភាពមិនប្រក្រតីច្រើន។
នាយឧត្តមសេនីយ៍ កង សុខន បានឲ្យដឹងផងដែរថា ការពិនិត្យ និង ធ្វើកោសល្យវិច្ច័យលើស្នាមមេដៃនេះ ក៏មានការចូលរួមពីអគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ផងដែរ។
សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមមេដៃ ដែលមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិជាប្រធាន បានបើកការពិនិត្យ និង ធ្វើកោសល្យវិច្ច័យលើស្នាមមេដៃនេះ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង ១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារ ឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។
បន្ទាប់ពីការប្រគល់ញត្តិនេះ មានព័ត៌មានទម្លាយថា ក្នុងញត្តិមានករណីមិនប្រក្រតីមួយចំនួន ក្នុងការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ។
ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងចៀសវាងការបោកប្រាស់ព្រះមហាក្សត្រ នាំឲ្យប៉ះពាល់ដល់ព្រះកិត្តិស័ព្ទរបស់ព្រះអង្គនោះ នៅថ្ងៃទី៣១ ខែ ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រៀបចំស្រាវជ្រាវស្នាមមេដៃ តាមវិធីសាស្រ្តធ្វើកោសល្យវិច្ច័យ ស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ ឬតាមវិធីសាស្រ្តផ្សេងៗទៀត។
ក្នុងលិខិតប្រគល់ភារកិច្ចនោះ បានស្នើឲ្យរៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំង ប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ៕