(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបជាមួយលោក យ៉ាង ចែសឹក (Yang Jae Seok) នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង (Yeongcheon(Korea) ដើម្បីជួបសម្តែងការគួសម ព្រមទាំងស្វែងយល់ពីស្ថានភាពទូទៅ សក្ដានុពល និងការអភិវឌ្ឍខេត្តស្វាយរៀង និងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈ (MOU) ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងជំនួបនេះក៏មានការចូលរួមពីប្រតិភូអមដំណើរលោក យ៉ាង ចែសឹក (Yang Jae Seok) លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត, លោក ប៉េង ពោធិសារ អភិបាលរងខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ កសិកម្មខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយ ជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្តជាង៨ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ សេវាកម្មកាស៊ីណូជាដើម។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

លោក ម៉ែន វិបុល បានអរគុណនាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ របស់ខេត្តស្វាយរៀង និងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈ (MOU) ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការពិភាក្សាទៅលើកម្លាំងពលករដែលត្រូវទៅធ្វើការស្របច្បាប់នៅប្រទេសកូរ៉េជាដើម ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកូរ៉េដែលកន្លងមកបានធ្វើការបណ្តាក់ទុនវិនិយោគនៅទឹកដីខេត្តស្វាយរៀងផងដែរ។

លោក យ៉ាង ចែសឹក បានថ្លែងអរគុណរដ្ឋបាលខេត្តស្វាយរៀង ដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត ដែលបានបង្ហាញអំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ខេត្ត ហើយនិងគៀងគរក្រុមហ៊ុនរបស់កូរ៉េ ដើម្បីមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ឲ្យបានច្រើនជាបន្តបន្ទាប់ទៀតក៏ដូចជាការនាំពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េផងដែរ៕