(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងជាអធិបតីភាពប្រកាសចូលកាន់ដំណែងនាយកមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។

លោកសាស្ដ្រាចារ្យ បានថ្លែងថា «ថ្ងៃនេះក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស រីករាយឥតឧបមា ដោយមានឱកាសបានមកចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដែលទើបទទួលបានការតែងតាំងថ្មី គឺលោកសាស្ត្រាចារ្យ ចាប សៀកឆាយ ដែលក្រសួង សុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលមានសេចក្តីទុកចិត្ត ប្រគល់ភារកិច្ចជានាយកមន្ទីរពេទ្យនេះ»

លោកសាស្ដ្រាចារ្យបានបន្ដថា រយៈកាលកន្លងមកលោកសាស្ដ្រាចារ្យ ចាប សៀកឆាយ បានបំពេញការងារមានស្នាដៃល្អ និង មានសមត្ថភាពគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ ប្រគល់នូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ហើយទទួលបានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងពីប្រមុខរាជរដ្ឋាភិបាល ធ្វើការតែងតាំងលោកសាស្ត្រាចារ្យ ជានាយកមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។

ក្រសួងសុខាភិបាលមានមោទនភាពដ៏យ៉ាងក្រៃលែង ដែលកន្លងមកជានិច្ចកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែបានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព មួយក្នុងចំណោមវិស័យជាអាទិភាពទាំងឡាយឯទៀត និងតែងតែបានយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហា ប្រឈមនានា ធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើនឡើងជាលំដាប់ និងជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ។ នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ បាននាំមកនូវសន្តិភាពពេញបរិបូរណ៍ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសរស់នៅក្នុងសុខសន្តិភាព ជីវភាពរុងរឿង និងមានសុខមាលភាព។

លោកសាស្ត្រាចារ្យ ហ៊ុន ចំរើន បានគូសបញ្ជាក់ថា «មានកត្តាច្រើនណាស់ ដែលអាចជះឥទ្ធិពលមកលើលទ្ធផលការងាររបស់មន្ទីរពេទ្យ ពីព្រោះមន្ទីរព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ជាអតីត មន្ទីរពេទ្យអង្គការក្រៅរដ្ឋាភិបាល ដែលរចនាសម្ព័ន្ធគ្រប់គ្រប់ធនធានមនុស្ស, និងធនធានថវិកា គឺមានការខុសគ្នាពី មន្ទីរពេទ្យរដ្ឋ តែពេលនេះ មន្ទីរនេះត្រូវបានក្លាយខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រប់គ្រងដោយរាជរដ្ឋាភិបាល ដូចនេះទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យមានការសហការសម្របសម្រួល ជាមួយថ្នាក់ដឹកនាំ និងឲ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិករបស់ មន្ទីរពេទ្យ ដើម្បីធានាបាននូវភាពជោគជ័យក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជូនប្រជាជនដែលមកទទួល សេវាក្នុងមន្ទីរពេទ្យនេះ»

លោករដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា លោកមានជំនឿយ៉ាងមុតមាំ និងសង្ឃឹមថា លោកនាយកមន្ទីរពេទ្យ នឹងយកចិត្តទុកដាក់ប្រឹងប្រែងយកអស់សមត្ថភាពរបស់ខ្លួន អនុវត្តការងារដឹកនាំ និងគ្រប់គ្រង ឱ្យទទួលបានលទ្ធផលល្អត្រចះត្រចង់ស្រប តាមផែនការគោលនយោបាយយុទ្ធសាស្ត្រសុខាភិបាលរបស់ក្រសួងសុខាភិបាល និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ទន្ទឹមនឹងនេះ លោកនាយកមន្ទីរពេទ្យ ត្រូវគោរព និងអនុវត្តតាមការណែនាំថ្នាក់លើរបស់ខ្លួន ជាពិសេសត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវ ចំពោះក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងត្រូវបង្ហាញឱ្យឃើញថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងភាពជាអ្នកដឹកនាំ ក្នុងការប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួនដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ក្នុងនោះត្រូវប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស គោរពការសំងាត់វិជ្ជាជីវៈ អព្យាក្រឹត្យភាពក្នុងការងារ ភក្តីភាព និងគិតគូរដល់ប្រយោជន៍ទូទៅ យកប្រយោជន៍ជាតិជាធំ ចៀសវាងឱ្យបានការធ្វើឱ្យប៉ះពាល់ដល់ដល់ប្រយោជន៍ សាធារណៈ។

ម៉្យាងទៀតត្រូវយកចិត្តទុកដាក់សហការការងារឱ្យបានល្អជាមួយមន្ទីរពទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យ វិទ្យាស្ថានជាតិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដោយបញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់ របស់ខ្លួន ចេះកៀងគរធនធានព្រមទាំងចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យ បាននូវសាមគ្គីភាពផ្ទៃក្នុងដឹកនាំគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទឲ្យបានល្អ ជាអ្នកមានការគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងឲ្យបានទៅជាអ្នកផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពល្អឡើងថែមទៀត។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ចាប សៀកឆាយ ក៏បានថ្លែងប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល៕