(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការកាត់ក្បាលចំណាប់ខ្មាំង ជនជាតិកាណាដា លោក Rober Hall ដោយពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ (Abu Sayyaf) ស្ថិតនៅភាគខាងត្បូង ប្រទេស ក្រោយពីរដ្ឋាភិបាល និងក្រុមគ្រួសារមិនព្រមបង់ប្រាក់តាមការទាមទារ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។
ការិយាល័យប្រធានាធិបតីហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអង្គារនេះ ដោយបង្ហាញពីការសោកស្តាយ ព្រមទាំងសមានទុក្ខដ៏ជ្រាលជ្រៅជូនដល់ក្រុមគ្រួសារលោក Hall។ លោក Hall គឺជាចំណាប់ខ្មាំងជនជាតិ កាណាដា ទីពីរហើយដែលត្រូវបានពួក អាប៊ូ សាយ៉ាហ្វ កាត់ក្បាលបន្ទាប់ពីរយៈពេលពីរខែដែល គ្រួសារនិងរដ្ឋាភិបាល កាណាដា មិនព្រមធ្វើការបង់ប្រាក់ការទាមទាររបស់ពួកឧទ្ទាមហ្វីលីពីននេះ។
គួរបញ្ជាក់ថាកាលពីខែមេសា លោក John Ridsedel ប្រធានប្រតិបត្តិក្រុមហ៊ុនរ៉ែមួយ ក៏ត្រូវបានកាត់ក្បាលផងដែរ។ រដ្ឋាភិបាលហ្វីលីពីន បានប្តេជ្ញាថានឹងស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ហើយក៏បានអរគុណដល់រដ្ឋាភិបាល និង ប្រជាជនកាណាដាផងដែរ ដែលបានយោគយល់ចំពោះទុក្ខលំបាកនៃប្រទេសហ្វីលីពីន។ ពួក អាប៊ូ សាយ៉ាហ្វ បានទាមទារប្រាក់ ៣០០លានប៉េសូ (១៦លានដុល្លារអាមេរិក) ជាថ្នូរនឹងការដោះលែងលោក Hall៕