(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា ។

ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្ល បំផុតរបស់ សម្តេចពិជ័យសេនា ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេច ពិជ័យសេនា ក្នុងការដឹកនាំក្រសួងការពារជាតិ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ សម្តេច ជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករមួយរូបមានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួម ជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាពរបស់ប្រជាជន ហើយបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមជាច្រើន រួមចំណែកធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ ពេញលេញ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ និងអភិបាលកិច្ចល្អ»។

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕