(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះទ័យផ្តល់នូវគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសង្គហបណ្ឌិត» ជូនដល់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គោរមងារកិត្តិយស «កិត្តិ​សង្គហ​បណ្ឌិត» មានន័យថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​សប្បុរស​ក្នុងកា​រ​ជួយសង្គ្រោះ​អ្នកដទៃ។

ការផ្តល់នូវគោរពងារដែលពោរពេញដោយកិត្តិយសនេះ បានបង្ហាញឱ្យឃើញពីការសព្វព្រះទ័យរបស់ព្រះមហាក្សត្រ និងការពេញចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយភក្តីភាពយ៉ាងជ្រាលជ្រៅចំពោះជាតិ និងប្រជាជន ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ។

លោក គន់ គីម ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃកងយោធពលខេមរភូមិន្ទ ដោយមានឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ និងជាអតីតនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ ក្នុងនាមជានាយឧត្តមទាហាននៃកងយោធពលខេមរភូមិន្ទ លោកបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

លុះឆ្នាំ២០១៨ រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្លាស់លោក គន់ គីម ចេញពីការងារកងយោធពលខេមរភូមិន្ទ មកកាន់ការងារស៊ីវិល ដោយផ្តល់ឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពពិសេស។

លុះដល់ចុងឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ជ្រើសតាំងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ បន្ទាប់ពីទទួលបានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការងារដំបូងដែលចូលមកស្វាគមន៍រូបលោកនោះ គឺការរលំសំណង់នៅក្នុងខេត្តកែប ដើមឆ្នាំ២០២០។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ លោក គន់ គីម មិនបង្អង់យូរនោះឡើយ លោកបានធ្វើដំណើរភ្លាមៗតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់កន្លែងកើតហេតុឈរជើងគ្រប់គ្រង និងចាត់ចែងប្រតិបត្តិការរុករកជនរងគ្រោះនៅក្រោមគំនរអគារ រហូតដល់ប្រតិបត្តិការត្រូវបានបិទបញ្ចប់។

ឆ្នាំ២០២០នោះ ដើមឆ្នាំត្រូវបានស្វាគមន៍ដោយការងាររលំអគារ លុះដល់ចុងឆ្នាំរូបលោក ក៏ត្រូវបានស្វាគមន៍ដោយគ្រោះទឹកជំនន់។ ឆ្នាំ២០២០ ជាឆ្នាំមួយដែលកម្ពុជាមានការជន់លិចយ៉ាងខ្លាំង ទាំងជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀង។ ជំនន់ទឹកទន្លេបានធ្វើឱ្យជន់លិចខេត្តនៅឦសាន ហើយជំនន់ទឹកភ្លៀងវិញ បានធ្វើឱ្យជន់លិចខេត្តនៅពាយព្យប្រទេសដូចជាបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ជាដើម។

នៅចំពោះមុខនៃការលំបាករបស់ប្រជាពលរដ្ឋដោយសារគ្រោះទឹកជំនន់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាប្រតិបត្តិករជួរមុខលើសមរភូមិគ្រោះមហន្តរាយ មិនដែលបង្អង់ ឬយឺតយូរក្នុងដំណើរចុះទៅដល់កន្លែងពលរដ្ឋដែលលិចលង់នោះឡើយ។ លោកទេសរដ្ឋមន្ត្រី បានចុះដល់លំនៅឋានរបស់ប្រជាពលរដ្ឋលិចលង់ និងឈរជើងនៅតាមតំបន់ជន់លិច ទទួលអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាត់ចែងការងារសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ និងការផ្តល់ស្បៀងអាហារដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ នៅពេលនោះលោកទេសរដ្ឋមន្ត្រី មានរបួសជង្គង់ ហើយពេទ្យតម្រូវឱ្យសម្រាកថែទាំងជង្គង់នោះ។ សម្រាប់លោក គន់ គីម របួសជើងរបស់លោក មិនធំដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ដូច្នេះលោកបានបំពានការណែនាំរបស់ពេទ្យ ហើយចុះដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋទាំងជើងកំពុងឈឺ។

ប្រតិបត្តិការប្រកបដោយស្មារតីនៃការទទួលខុសត្រូវខ្ពស់ លឿនរហ័សរបស់ប្រតិបត្តិករគ្រោះមហន្តរាយ ធ្វើឱ្យការជួយអន្តរាគមន៍ និងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានលឿនរហ័ស និងទាន់ពេលវេលាផងដែរ។ ប្រតិបត្តិការលឿនរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់​ បានរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់កម្តៅដួងចិត្តជូនពលរដ្ឋរងគ្រោះដែលកំពុងរងារដោយទឹកជំនន់។

នៅឆ្នាំ២០២២នេះ ក៏ដូចនឹងឆ្នាំ២០២០ផងដែរ កម្ពុជា បន្តទទួលរងគ្រោះទឹកជំនន់ បង្កឱ្យមានការជន់លិចជាខ្លាំងទាំងខេត្តជាប់ដងទន្លេ និងខេត្តនៅជុំវិញបឹងទន្លេសាប។ មិនខុសពីឆ្នាំ២០២០នោះទេ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅតែប្រកាន់យកនូវការទទួលខុសត្រូវមួយខ្ពស់ ខ្វាយខ្វល់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក គន់ គីម បានចុះដោយផ្ទាល់ និងធ្វើដំណើរពីខេត្តមួយទៅខេត្ត ដើម្បីពិនិត្យ និងដឹកនាំប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។

ក្រៅតែពីហេតុការណ៍ធំៗដែលបានរៀបរាប់ខាងលើនេះ នៅមានបញ្ហារបស់បប្រជាពលរដ្ឋមួយចំនួនដូចជាករណីពលរដ្ឋធ្លាក់ជាប់ក្នុងភ្នំនៅខេត្តបាត់ដំបង ករណីលិចទូកនៅស្រុកលើកដែកជាដើម គេបានសង្កេតឃើញថា លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់ខ្ពស់ចុះទៅដល់កន្លែងកើតហេតុ ដើម្បីដឹកនាំប្រតិបត្តិការសង្គ្រោះ និងរុករក។

ក្នុងតួនាទីជាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះ ក្រោយការណែនាំផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានដឹកនាំរៀបចំបង្កើនកម្លាំងប្រតិបត្តិសង្គ្រោះ ក៏ដូចជាបំពាក់ឧបករណ៍បច្ចេកទេសនានា ដល់កងកម្លាំង ដើម្បីធ្វើឱ្យប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជារួមក្នុងតួនាទីជាអ្នកសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានារយៈពេលប្រមាណជា ៣ឆ្នាំមកនេះ លោក គន់ គីម ត្រូវបានគេមើលឃើញថា ជាប្រតិបត្តិករសង្គ្រោះប្រកបដោយទំនួលខុសត្រូវខ្ពស់ និងពោរពេញដោយភក្តីភាពបំផុត។ លោកបានបូជាអស់កម្លាំងកាយចិត្ត និងបញ្ញាញាណក្នុងបុព្វហេតុគ្រោះមហន្តរាយ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរាល់ពេលជួបគ្រោះមហន្តរាយនានា។

ក្រៅតែពីការងារគ្រោះមហន្តរាយហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ជួយដល់អតីតយុទ្ធជនកម្ពុជា។ ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្វះស្វែងរករាល់អតីតយុទ្ធជនជួបការលំបាក ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ដី ផ្តល់ផ្ទះជាទីជម្រកដោះស្រាយការលំបាក របស់អតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកដែលមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ។

តាមរយសកម្មភាពក្នុងតួនាទីនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា បានបង្ហាញឱ្យឃើញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងពោរពេញដោយសប្បុរសរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ចំពោះប្រជាពលរដ្ឋ និងអតីតយុទ្ធជនកម្ពុជា។

តាមរយៈសកម្មភាពការងារក្នុងក្របខណ្ឌស្ថាប័នទាំងពីរនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបានការគោរពស្រឡាញ់ និងកោតសរសើរជាខ្លាំងពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

ការផ្តល់គោរមងារ «កិត្តិសង្គហបណ្ឌិត» ដោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង តបតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់នូវកិត្តិយសដ៏សក្តិសមបំផុត សម្រាប់តបស្នងចំពោះស្នាដៃ និងគុណបំណាច់ ដែលលោកទេសរដ្ឋមន្ត្រី គន់ គីម បានបម្រើជាតិ និងប្រជាជនប្រកបដោយក្តីស្មោះស្ម័គ្រយ៉ាងជ្រាលជ្រៅ។

ជាមួយនឹងការទទួលបានគោរមងារដែលពោរពេញដោយកិត្តិយសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបាននូវការរីករាយ និងអបអរសាទរយ៉ាងកងរំពងពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕