(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបន្តអវត្តមាន ក្នុងការបំភ្លឺជូនចៅក្រមស៊ើបសួរ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ជុំវិញការមិនចូលខ្លួនតាមការកោះហៅកន្លងមក ដោយគ្រាន់តែប្រកាសថា មេធាវីរបស់លោក នឹងចូលតុលាការជំនួស។
សេចក្តីរាយការណ៍ពីមន្រ្តីនៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ មានមេធាវី៣របស់លោក កឹម សុខា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា មេធាវីអាចការពារក្តីឱ្យជនត្រូវចោទបាន ប៉ុន្តែមិនអាចឆ្លើយសំណួរជំនួសជនត្រូវចោទបាននោះទេ។ លោកបានប្រាប់ តាមសារអេឡិចត្រូនិចមួយថា «មេធាវីដែលការពារសិទ្ធិឲ្យជនត្រូវចោទ មិនអាចឆ្លើយដោះសារជំនួសជនត្រូវចោទបានទេ»។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី២៦ ខែឧសភា បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមការកោះហៅរបស់តំណាងអយ្យកាកន្លមក។ ការចេញដីកាកោះនេះបានធ្វើឡើង បន្ទាប់លោក កឹម សុខា បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចំនួន ២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើន ដាច់ខាតបានបោះឆ្នោតគាំទ្រឱ្យតុលាការ បន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
ដោយឡែកនៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិវិញ គេសង្កេតឃើញថា មានសកម្មជន និងប្រជាពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នាជួបជុំដើម្បីការពារលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈដែលសមត្ថកិច្ច បានត្រៀមកម្លាំងនៅតាមទីតាំងនានា ដើម្បីទប់ស្កាត់ការធ្វើការដង្ហែក្បួន៕