(ប៉ារីស)៖ កីឡាករលំដាប់លេខ២ របស់ពិភពលោក Cristiano Ronaldo បានត្រៀមជើងរួចហើយ ក្នុងការជួយក្រុម ព័រទុយហ្គាល់ ប៉ះគូប្រជែងអ៊ីស្លង់ ក្នុងពូល F នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំងយប់នេះ។
គេហទំព័រ Sky Sports បានផ្សាយថា កីឡាករវ័យ៣១ឆ្នាំ Ronaldo បានត្រឡប់មកទម្រង់លេងធម្មតាវិញ បន្ទាប់ពីជាសះស្បើយពីបញ្ហា របួសភ្លៅនិងជួយព័រទុយហ្គាល់ បំបាក់ក្រុមជម្រើសជាតិអ៊ីស្តូនី ៧-០ ក្នុងមិត្តភាពអន្តរជាតិ មុនធ្វើដំណើរមកកាន់ប្រទេសបារាំង ដើម្បីប្រកួត Euro 2016 លើកទី១៥នេះ។
ការចូលលេងនៅរាត្រីនេះ Ronaldo នឹងបំបែកកំណត់ត្រារបស់កីឡាករ Luis Figo ដែលចូលលេងឲ្យជម្រើសជាតិ ព័រទុយហ្គាល់បាន ១២៧ប្រកួត ហើយក៏ជាក្រុមដែលស៊ុតបញ្ចូលទីគូប្រកួតបាន ១១គ្រាប់ក្នុងវគ្គជម្រុះ ដើម្បីឡើងមក វគ្គចែកពូលក្នុង Euro 2016 នេះ។ ព័រទុយហ្គាល់ តែងតែធ្វើបានល្អជានិច្ច ពេលប៉ះក្រុមអ៊ីស្លង់ តួយ៉ាងដូចកាលជម្រុះ Euro 2012 ព័រទុយហ្គាល់ ឈ្នះអ៊ីស្លង់ ទាំងទៅ ទាំងមក (២ជើង)។
ព័រទុយហ្គាល់ មិនធ្លាប់ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នោះទេ តែធ្លាប់ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ៤ដង ក្នុងចំណោមបង្ហាញខ្លួន៦ដង ក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល៤ឆ្នាំម្តងនេះ បូកបញ្ចូលទាំងការឡើង មកដល់វគ្គផ្តាច់ព្រ័ត្រកាល ធ្វើម្ចាស់ផ្ទះឆ្នាំ២០០៤ ផងដែរ ដោយបានចាញ់ជម្រើសជាតិក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ផងដែរថា រាត្រីនេះមានតែ ២ប្រកួតទេ គឺក្រុមជម្រើសជាតិអូទ្រីស ប៉ះជម្រើសជាតិហុងគ្រី ម៉ោង ១១យប់ និងព័រទុយហ្គាល់ ប៉ះអ៊ីស្លង់ ម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល F ចុងក្រោយគេ៕