(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានលើកឡើងថា សុវត្ថិភាពម្ហូបអាហារ ជាការងារដ៏ស្មុគស្មាញមួយ ដែលចាំបាច់ត្រូវមានការសម្របសម្រួលសកម្មភាពត្រួតពិនិត្យម្ហូបអាហារ ពីស្ថាប័នមានសមត្ថកិច្ច និងការចូលរួមពីវិស័យឯកជនដែលផលិត និងអ្នកប្រើប្រាស់។

ការលើកឡើងបែបនេះ របស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី៩ «៦ វិច្ឆិកា ២០១៤-២០២២» ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» នៅសណ្ឋាគារ Hyyatt នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក យឹម ឆៃលី បានលើកអំពីសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទ ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ដែលបានបញ្ជាក់ច្បាស់ពីគោលបំណង រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំប្រារព្ធទិវាជាតិអាហារូបត្ថម្ភជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែក អភិវឌ្ឍមូលធនមនុស្ស បង្កើន ប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

លោកថ្លែងថា សុវត្ថិភាពម្ហូបអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ដោយមានការពាក់ព័ន្ធផ្ទាល់លើប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាលផលិត កែច្នៃ ចែកចាយ និងការរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ ។ ការពង្រឹងប្រព័ន្ធស្បៀងអាហារដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព គឺមានសារៈសំខាន់ណាស់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានចីរភាពបរិស្ថាន ចីរភាពសង្គម ចីរភាពសេដ្ឋកិច្ច និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដីយើង។

បន្ថែមពីនេះទៀត លោកអះអាងថា នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសនានា ប្រជាជនមានការព្រួយបារម្ភខ្លាំងពីសុវត្ថិភាព ម្ហូបអាហារ បន្លែ ផ្លែឈើ និងផលិតផលម្ហូបអាហារមួយចំនួននៅលើទីផ្សារ ដែលមានសារធាតុគីមីអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ប្រសិនបើគ្មាន ការយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែល បានមកពីការអភិវឌ្ឍសេដ្ឋកិច្ច នឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ ដែលមិនអាច មើលរំលងបានពី បញ្ហាកង្វះ អាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺ ដែលបង្កឡើងដោយការបរិភោគម្ហូបអាហារគ្មានសុវត្ថិភាព ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ល។

លោកបញ្ជាក់ថា សុវត្ថិភាព ម្ហូបអាហារ ជាការងារដ៏ស្មុគស្មាញមួយចាំបាច់ត្រូវមានការសម្របសម្រួលសកម្មភាព ត្រួតពិនិត្យម្ហូបអាហារ ពីស្ថាប័នមានសមត្ថកិច្ច និងការចូលរួមពីវិស័យ ឯកជនដែលពាក់ព័ន្ធខ្សែចង្វាក់តម្លៃផលិតកម្ម និងអ្នកប្រើប្រាស់។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឲ្យប្រជាជនកម្ពុជា ផ្លាស់ប្តូររបៀបរស់នៅ និងការហូបចុក។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវមួយចំនួនដូខាងក្រោម៖

* ទី១៖ សូមរៀបចំប្រារព្ធទិវាជាតិអាហារូបត្ថម្ភនេះ ឱ្យដល់ថ្នាក់មូលដ្ឋាន គ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនស្មារតីយល់ដឹងជាសាធារណៈ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនមនុស្ស រួមចំណែកបង្កើន ប្រសិទ្ធភាពការងារ និងរួមចំណែកជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

* ទី២៖ សូមគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលទាំង ៨ ចំណុច ដូចមាននៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

* ទី៣៖ សូមគ្រប់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រូវពិនិត្យលើអនុសាសន៍នានា នៅក្នុងរបាយការណ៍ ស្តីពីការវិភាគបែបគុណភាពនៃប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងពាក់ព័ន្ធ និងអង្គការ FAO បានរៀបចំឡើងដើម្បីជាមូលដ្ឋានក្នុងការបង្កើតគោលនយោបាយជាតិ ស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំនានា ស្របតាមបទប្បញ្ញត្តិបច្ចេកទេសម្ហូបអាហារ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

* ទី៤៖ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវ ស្តីពីអនាម័យ និងសុវត្ថិភាព
ម្ហូបអាហារ។

* ទី៥៖ សូមពង្រឹងពង្រីកការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នា រវាងស្ថាប័នមានសមត្ថកិច្ចទទួលខុសត្រូវ លើការត្រួតពិនិត្យម្ហូបអាហារ និងរដ្ឋបាលថ្នាក់ក្រោមជាតិរាជធានីខេត្ត ដើម្បីអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព៕