(កំពត)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសហការជាមូយរដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាលច្បាប់សំខាន់ៗចំនួន៣ ដើម្បីផ្តល់ជាចំណេះដឹងសម្រាប់សិស្សានុសិស្ស ប្រមាណជិត១.០០០នាក់។

ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាវិទ្យាល័យហ៊ុនសែនព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សិក្សាអនុសាសន៍ ចូលរួមប្រមាណ ២០០នាក់ ក្រោមអធិបតីភាព លោក ស៊ុំ រុំ រដ្ឋលេខាធិការ និងជាតំណាងលោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក សេន សាប៊ីល អភិបាលរងខេត្តកំពត ដោយចូលរួមពីមន្ត្រីប្រតិភូអមដំណើរ មន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ។

នាឱកាសនោះ លោករដ្ឋលេខាធិការ ស៊ុំ រុំ បានលើកឡើងថា បរិស្ថានជាកត្តាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ រុក្ខជាតិលើភពផែនដី។ ក្តីសុខដុមរម្យនា ឬភាពរងគោះផ្តើមចេញពីបាតុភូតធម្មជាតិ អាស្រ័យលើទង្វើនៃកិច្ចថែរក្សា ឬការបំផ្លិចបំផ្លាញបរិយាកាសជុំវិញខ្លួនផ្ទាល់។

លោកអភិបាលរងខេត្ត សេន សាប៊ីល បានថ្លែងថា ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិយ៉ាងសំខាន់ និងជាបរិស្ថាន ដ៏មានតម្លៃសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការបំផ្លាញបរិស្ថាន និងធ្វើឲ្យជីវិតមនុស្ស សត្វ រុក្ខជាតិរងក្តីអន្តរាយ នាពេលអនាគត។ ម្ល៉ោះហើយ ក្រោយទទួលបានការបណ្តុះបណ្តុះបណ្តាលនេះ សូមប្អូនៗនាំយកចំណេះដឹងទាំងប៉ុន្មានទៅបញ្រ្ជាបផ្សព្វផ្សាយជូនបងប្អូន ពូមីង និងអ្នកជិតខាងដើម្បីឱ្យសហគមន៍ពោរពេញដោយបរិស្ថានស្រស់បំព្រង។

សូមបញ្ជាក់ថា កាលពីព្រឹក និងរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមមន្ត្រីជំនាញដដែលបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យជាស៊ីមអង្គរជ័យ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ព្រមទាំងច្បាប់ស្តីពីអំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត សម្រាប់សិស្សប្រុសស្រីជាង៨០០នាក់ផងដែរ។

នៅទីនោះ លោកស៊ុំ រុំ និងលោកសេន សាប៊ីល បានបញ្ជាក់ថា បច្ចុប្បន្ន យានយន្តគ្រប់ប្រភេទបានកើនឡើងដោយសារជីវភាព ប្រជាពលរដ្ឋធូរធារទើបបង្កគ្រោះថ្នាក់ចរាចរ ជាញឹកញយព្រោះតែចំណេះដឹង នៃការប្រើប្រាស់ផ្លូវនៅមានកម្រិត។ យ៉ាងណាមិញ អំពើហិង្សាក្នុងគ្រួសារ របស់ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តកើតមាន ផ្តើមដោយឥទ្ធិពលនៃកត្តាផ្សេងៗ។

លោករដ្ឋលេខាធិការ និងលោកអភិបាលរងខេត្ត បានបន្តថា ដើម្បីលុបបំបាត់សកម្មភាពអវិជ្ជមានទាំងនោះ គឺតម្រូវដល់មន្ត្រីពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមទាំងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះទៅគ្រប់មូលដ្ឋានឱ្យបានទូលំទូលាយបំផុត៕