(ប៉ៃលិន)៖ សមាគមនអតីតយុទ្ធជនខេត្តប៉ៃលិន បានប្រារព្វទិវាខួបលើកទី៩ ឆ្នាំ២០១៦ ដើម្បីរំលឹកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋដែលបានពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិយើង។

 ទិវានេះបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត ក្រោមអធិបតីភាពលោក កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធាន កិត្តយសសមាគមនអតីតយុទ្ធជនខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការ មួយចំនួនទៀត នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

លោក សាក់ សាមឿន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តប៉ៃលិន និងជាអនុប្រធានប្រចាំការសមាគមន៍ អតីតយុទ្ធជនខេត្តប៉ៃលិន បានឲ្យដឹងថា បច្ចុប្បន្ននេះអតីតយុទ្ធជន មានសរុបចំនួន១៣៨៨នាក់ ក្នុងនោះមានគ្រួសារពលីចំនួន២០០គ្រួសារ, ជនមរណៈចំនួន៧១នាក់, ជនពិការចំនួន៦៩៦នាក់, និវត្តន៍ជនមានចំនួន៤១៤នាក់, និងជនបាត់បង់សម្បទាចំនួន១៧នាក់។

​​​លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តយសសមាគម អតីតយុទ្ធជនខេត្តប៉ៃលិន បានថ្លែងថា អតីតយុទ្ធជនកម្ពុជា ជាសក្ខីភាពនៃវីរភាពរបស់ប្រជាជនកម្ពុជា ហើយគុណូបការៈ របស់អតីតយុទ្ធជន ចាំបាច់ត្រូវមានសកម្មភាពឆ្លើយតបនិងត្រូវផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់​ ឲ្យបានសក្តិសម។

លោកបានបន្តថា ការប្រារព្ធខួបលើកទី៩ ទីវាអតីតយុទ្ធជននេះ គឺជាការរំលឹកដាស់តឿនស្មារតី យើងគ្រប់គ្នា ឲ្យអនុវត្តការងារសម្រេច បានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងរក្សាបាននូវនិរន្តរភាព នៃកិច្ចការលើកកំពស់កំរិតជីវភាព និងសុខមាលភាពរបស់បងប្អូន អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលជាការឆ្លើយតបទៅនឹង គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញកន្លងមក។

លោកបានបន្តថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គម ប្រកបដោយចីរភាព សំដៅធានាដល់កម្រិតជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជន ប្រកបដោយសុខដុមរមនា ជាមួយគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ  ការដោះស្រាយការងារ មុខរបរ ការផ្តល់ដីសម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ ពិការ  និងពលីមរណៈ ដែលបានផ្តល់ឱកាសឲ្យអតីតយុទ្ធជន កងកំលាំងប្រដាប់អាវុធព្រមទាំង ក្រុមគ្រួសារ មានធនធានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន និងប្រកបរបរធ្វើស្រែចំការ បង្កបង្កើនផលកសិកម្មសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕