(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារសម្អាតបរិស្ថានអនាម័យ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) បានងាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ត្រីអារ៉ាប៉ៃម៉ាដែលងាប់នេះ មានប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង។

ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ទុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។

ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្ដីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងកសិន្ធុផងដែរ៕