(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រគល់សិទ្ធិ និងភារកិច្ចទៅមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់ ជាអ្នកគ្រប់គ្រង ចុះបញ្ជី និង ផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មយានដ្ឋានជួសជុល និង កែច្នៃយានយន្តគ្រប់ប្រភេទ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០ ១៦នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានដឹកជញ្ជូន មានភារកិច្ចតាមដាន ត្រួតពិនិត្យ និងណែនាំការអនុវត្តភារកិច្ចរបស់មន្ទីរជុំវិញការធ្វើអាជីវ កម្មជួសជុល និងកែច្នៃយានយន្តនេះ។
នៅកម្ពុជា គេសង្កេតឃើញថា មានយានយន្តជាច្រើន មានទាំងរថយន្ត និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ត្រូវបានកែច្នៃឡើងតាមតែចិត្ត នឹកឃើញ ហាក់មិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេស ឬស្តង់ដារកំណត់អ្វីមួយឲ្យច្បាស់លាស់នោះឡើយ ដែលជាហេតុងាយនឹងនាំឲ្យ មានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និង ងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរលើដងវិថីផងដែរ។
បើតាមមន្រ្តីក្រសួងសាធារណការ ការសម្រេចប្រគល់ភារកិច្ចគ្រប់គ្រង ចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតិឲ្យធ្វើអាជីវកម្មយានដ្ឋានជួសជុល និងកែច្នៃយានយន្តគ្រប់ប្រភេទ ទៅតាមមន្ទីររាជធានី-ខេត្ត ជាការសម្រួលដល់ការគ្រប់គ្រងដល់ការបើកយានដ្ឋានជួសជុល និង កែច្នៃយាន យន្តឲ្យមានភាពច្បាស់លាស់ថែមទៀត ហើយក៏ជួយសម្រួលដល់ការសុំច្បាប់ពីអ្នកធ្វើអាជីវកម្មផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីសប្តាហ៍មុន បានបញ្ជាក់ថា យានដ្ឋានកែច្នៃ និងជួសជុលយានយន្តនៅកម្ពុជាមានជាងពីរពាន់ យានដ្ឋាន ហើយយានដ្ឋានទាំងនោះភាគច្រើនមិនទាន់បានសុំច្បាប់ធ្វើអាជីវកម្មពីក្រសួងនៅឡើយទេ។ ដើម្បីឲ្យយានដ្ឋានកែច្នៃយានយន្ត ទាំងនោះ ធ្វើការជួសជុល និងកែច្នៃយានយន្ត ដោយគោរពទៅតាមបទដ្ឋានបច្ចេកត្រឹមត្រូវ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យម្ចាស់យាន ដ្ឋានទៅចុះបញ្ជីជាមួយក្រសួង ហើយក៏មានបញ្ជូនមន្ត្រីចុះទៅអប់រំម្ចាស់យានដ្ឋាន និងពន្យល់ពីហានិភ័យ ដែលកើតចេញពីការកែច្នៃយាន យន្ត ដោយមិនគោរពតាមបទដ្ឋានបច្ចេកទេសផងដែរ៕