(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើជាសហប្រធាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃសមាគមអន្តរធនាគារចិន-អាស៊ាន (CAIBA) លើកទី១២ និងកិច្ចប្រជុំយន្ដការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក៣ (APTIBCM) ឆ្នាំ២០២២ ដែលរៀបចំឡើងរួមគ្នា ដោយផ្ទាល់ និងអនឡាញ។

កិច្ចប្រជុំនេះ ក្រោមវត្តមានលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោក តេង ស៊ីជុន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន ព្រមទាំង ថ្នាក់ដឹកនាំ និងអ្នកឯកទេសធនាគារជាង៤០នាក់ មកពីធនាគារសមាជិក និងធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM។

ថ្លែងទៅកាន់អង្គប្រជុំ លោក រ័ត្ន សុវណ្ណនរៈ បានអបអរសាទរចំពោះ CAIBA និង APTIBCM សម្រាប់ការចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសមាជិករៀងៗខ្លួន។

ក្នុងឱកាសនេះផងដែរ លោក តេង ស៊ីជុន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាដែលធ្វើឡើង ដោយសមាគមអន្តរធនាគារចិន-អាស៊ាន និងយន្តការសហប្រតិបត្តិការ អន្តរធនាគារអាស៊ាន+៣ ដែលបានគាំទ្រយ៉ាងខ្លាំង ទៅលើការងើបឡើងវិញរបស់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

ជាវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការ និងស្របតាមទិសដៅ ដែលបានកំណត់ដោយកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្រ្ដីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល នៃអាស៊ានបូក៣ លើកទី២៥, ធនាគារសមាជិកនៃ CAIBA និង APTIBCM បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ»​

សេចក្ដីថ្លែងការណ៍រួម បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ធនាគារសមាជិក ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារកណ្ដាលរបស់ពួកគេរៀងៗខ្លួន នៅក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩,បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាព។

នៅក្នុងគោលដៅនេះដែរ ធនាគារសមាជិក ក៏បានអះអាងពីការគាំទ្រចំពោះសហគ្រាស និងគម្រោងនានា ដែលមានវិសាលភាពថ្នាក់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការដូចជា៖ ឧបករណ៍ផ្ដល់ប្រាក់កម្ចីរួមគ្នា មូលនិធិផ្ដល់ប្រាក់កម្ចី (ពហុរូបិយប័ណ្ណ) ការផ្ដល់ប្រាក់កម្ចីអន្ដរធនាគារ និងការរួមគ្នាផ្សេងទៀតនៃការវិនិយោគ និងការផ្ដល់ប្រាក់កម្ចី។

ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ», ធនាគារសមាជិក ក៏ដូចជាធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM បានចូលរួមចែករំលែក និងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ដ៏មានអត្ថន័យ លើប្រធានបទនានា រួមមាន៖

(១)៖ ការជំរុញហិរញ្ញប្បទានដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្រោយសម័យកាលរីករាលដាលនៃជំងឺកូវីដ-១៩
(២)៖ ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីពង្រឹងការតភ្ជាប់ទំនាកទំនងហេដ្ឋារចនាសម្ព័ន្ធ
(៣)៖ ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សហគ្រាសខ្នាតតូច ក្នុងសេដ្ឋកិច្ចក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩
និង(៤)៖ ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈនវានុវត្តន៍ឌីជីថល។

នៅក្នុងកិច្ចប្រជុំនេះ ធនាគារសមាជិក ក៏បានគូសបញ្ចាក់ផងដែរ ពីសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងបរិយាកាសសេដ្ឋកិច្ចប្រកបដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ពួកគេក៏បានលើកសំណើពីមធ្យោបាយនានា នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី រវាងធនាគារសមាជិក ដើម្បីបង្កើនប្រសិទ្ធភាព និងការចូលរួមយ៉ាងសកម្មរបស់ CAIBA និង APTIBCM ដែលនឹងអាចឲ្យតំបន់នេះ ឈានទៅដល់ភាពរុងរឿងរួមគ្នា។

ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ធនាគារ កាណាឌីយ៉ា បានផ្ទេរតួនាទីជាសហប្រធានទៅឲ្យ ធនាគារ PT Bank Mandiri (Persero) TBK នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរបស់ CAIBA និង APTIBCM ឆ្នាំ២០២៣៕