(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានសហការជាមួយសមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក National Association of Regulatory Utility Commissioners (NARUC) រៀបចំសិក្ខាសាលា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ លើផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា, លោកស្រី Bailey Bearss Obrock តំណាងសមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក (NARUC), លោក Peter Banwell តំណាងជំនាញការរបស់សមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក និងលោក Mark Doyle តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

សិក្ខាសាលានេះ ក៏មានការចូលរួមពីជំនាញការ របស់សមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក (NARUC) ចំនួន២រូប, មន្រ្តីក្រសួងរ៉ែ និងថាមពល ចំនួន៤រូប, មន្រ្តីអគ្គិសនីកម្ពុជា ចំនួន៣រូប និងមន្រ្តីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន១៥រូប ដែលសរុបចំនួន២៨រូប។

លោក យឹម វិសិដ្ឋ បានលើកឡើងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងសមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក (NARUC) ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ដោយបានរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មអគ្គិសនី ចំនួន៥ដង រាប់ទាំងលើកនេះផង។

សិក្ខាសាលានេះ រួមមាន៖ ការធ្វើបទបង្ហាញរបស់តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា និងបទបង្ហាញរបស់តំណាងអគ្គិសនីកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពវិស័យអគ្គិសនីនៅកម្ពុជា និងចំណុចសំខាន់ៗ នៃផែនការ មេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញរបស់ជំនាញការ NARUC ចែករំលែកបទពិសោធន៍ នៃការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី នៅតាមបណ្តារដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ សិក្ខាសាលានេះ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុសទៅលើប្រធានបទ ដែលបានលើកឡើងក្នុងរយៈពេល៣ថ្ងៃនេះ ផងដែរ៕