(បាត់ដំបង)៖ រថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ចំនួន ៧គ្រឿងបន្ថែមទៀត ត្រូវបានប្រគល់ជូនម្ចាស់វិញ បន្ទាប់ពីរក្សាទុករយៈពេលមួយឆ្នាំ។ មកដល់ពេលនេះរថយន្តដែលចាប់រក្សាទុកមួយឆ្នាំសរុប ១០គ្រឿងហើយត្រូវបានប្រគល់ជូនម្ចាស់វិញ នៅសល់ប្រមាណ ២៦៤គ្រឿងទៀត។

រថយន្ត៧គ្រឿង ដែលប្រគល់ជូនម្ចាស់វិញនេះ ជារថយន្តដែលមន្ត្រីជញ្ជីងចល័តចាប់នៅក្នុងខេត្តបាត់ដំបង និងរក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកលើការងារបង្ក្រាបរថយន្តដឹកលើសទម្ងន់កំណត់ រួមជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានចុះទៅប្រគល់រថយន្តទាំងនេះ ជូនម្ចាស់វិញនាព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយនឹងការប្រគល់រថយន្តជូនទៅម្ចាស់វិញ លោក ឯក រដ្ឋ ក៏បានផ្តាំផ្ញើដល់ម្ចាស់រថយន្តឱ្យបញ្ឈប់ការដឹកលើសទម្ងន់ ហើយក៏បានពន្យល់ពីទិដ្ឋភាពច្បាប់ដឹកជញ្ជូនផ្លូវគោក ស្តីពីទម្ងន់កំណត់ និងបង្ហាញពីផលប៉ះពាល់សម្រាប់ផ្លូវថ្នល់បណ្តាលមកពីដឹកលើសទម្ងន់កំណត់នេះផងដែរ។

លោក ឯក រដ្ឋ បានគូសបញ្ជាក់ទៅម្ចាស់រថយន្តថា ក្រសួងនៅតែចាត់វិធានការក្តៅចំពោះរថយន្តដឹកលើសទម្ងន់កំណត់ទាំងអស់។ ក្នុងនោះសម្រាប់រថយន្តដែលធ្លាប់បានចាប់ហើយ ប្រសិនបើរកឃើញប្រព្រឹត្តល្មើសលើកទី២ នឹងរងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។ ក្រៅតែពីការផាកពិន័យ និងឃាត់រថយន្តទុកមួយឆ្នាំហើយនោះ អ្នកបើកបររថយន្តប្រឈមនឹងការដកបណ្ណបើកបរ ហើយឈានទៅបិទអាជីវកម្មដឹកជញ្ជូនថែមទៀតផង។

ម្ចាស់រថយន្តដឹកជញ្ជូនដែលទទួលបានរថយន្តត្រឡប់ទៅធ្វើអាជីវកម្មវិញ បានសន្យាបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កំណត់ តែពួកគេ ក៏បានស្នើសុំការអន្តរាគមន៍មួយចំនួនផងដែរ ដើម្បីឱ្យការរកស៊ីដឹកជញ្ជូនរបស់ពួកគេមានផលចំណេញ។

អ្នកស្រី គីម ស្រីមុំ ម្ចាស់រថយន្តដែលត្រូវបានដោះលែង បានប្រាប់ Fresh News ថា ក្រោយពេលរថយន្តរបស់អ្នកស្រីត្រូវឃាត់ទុកធ្វើឱ្យអ្នកស្រី ជួបការលំបាក ព្រោះអត់មានរថយន្តរកស៊ី ហើយត្រូវរកលុយបង់រំលោះការប្រាក់ធនាគារថែមទៀត។

អ្នកស្រី គីម ស្រីមុំ បានអះអាងថា អ្នកស្រីបានជ្រូតជ្រាបពីច្បាប់ដឹកជញ្ជូន និងផលលំបាកមួយចំនួនសម្រាប់ផ្លូវថ្នល់ពីការដឹកជញ្ជូននេះ។ តែអ្នកស្រីអត់មានជម្រើស ព្រោះបើដឹកតាមទម្ងន់កំណត់ដោយច្បាប់ គឺមិនសូវបានផលចំណេញ ព្រោះតែតម្លៃប្រេងបានឡើងខ្ពស់ ហើយថ្លៃដឹករក្សាដដែល។

អ្នកស្រី ស្រីមុំ បានសន្យាបញ្ឈប់ការដឹកលើសទម្ងន់ និងអំពាវនាវឱ្យអ្នករកស៊ីដឹកជញ្ជូនទាំងអស់ឈប់ដឹកលើសទម្ងន់។ តែអ្នកស្រីក៏បានអំពាវនាវដល់ម្ចាស់ទំនិញជួយដំឡើងថ្លៃឈ្នួលដឹកដល់ពួកគាត់ផងដែរ ព្រោះប្រេងឥន្ធនៈឡើងថ្លៃពួកគាត់អត់សល់ផលចំណេញនោះទេ។

អ្នកស្រី ក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យលទ្ធភាពជួយ ដល់ពួកគាត់ផងដែរ។ បើមិនដូច្នោះពួកគាត់អាចប្រឈមនឹងការបញ្ឈររថយន្តចោល ឬអាចនឹងធនាគារដកហូតរថយន្ត ព្រោះរកស៊ីដឹកជញ្ជូនមិនចំណេញ។

ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាត និងប្រើប្រាស់មិនបានតាមរយៈពេលនៃបច្ចេកទេសផ្លូវ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ។

ដើម្បីទប់ស្កាត់ការបំផ្លាញផ្លូវថ្នល់បណ្តាលមកពីការដឹកលើសទម្ងន់កំណត់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញចំណាត់ការក្តៅតាមច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក។ ក្នុងនោះក្រៅតែពីការផាកពិន័យជាប្រាក់ហើយនោះ ក៏មានការចាប់រថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើង ទៅរក្សាទុកមួយឆ្នាំផងដែរ។

លោក ឯក រដ្ឋ បានប្រាប់ Fresh News ថា បន្ទាប់ពីមានចំណាត់ក្តៅ ជាពិសេសចាប់រថយន្តរក្សាទុកនេះ បានធ្វើឱ្យអ្នករកស៊ីជញ្ជូនភ្ញាក់រលឹកចូលរួមអនុវត្តន៍ច្បាប់ស្តីពីការដឹកជញ្ជូន។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រៀបធៀបរវាងឆ្នាំ២០២១ និងឆ្នាំ២០២២ ការដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់មានការថយចុះច្រើន។

បើទោះបីយ៉ាងណា លោក ឯក រដ្ឋ បានបង្ហាញការបន្តចាត់វិធានការក្តៅចំពោះរថយន្តដឹកលើសទម្ងន់កំណត់នេះដោយគ្មានការលើកលែង ឬអនុគ្រោះនោះឡើយ។ ប្រតិបត្តិការនេះ ក៏ធ្វើឡើងដោយស្មើភាព មិនមានការអនុគ្រោះ ឬលើកលែងចំពោះអ្នកធំ អ្នកមានអំណាច មានឥទ្ធិពលនោះឡើយ។ ពោលរាល់រថយន្តដឹកលើសទម្ងន់កំណត់ត្រូវតែផាកពិន័យ ហើយដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ ត្រូវតែផាកពិន័យ និងឃាត់រថយន្តរថយន្តទុកមួយឆ្នាំ។

លោក ឯក រដ្ឋ បានអំពាវនាវដល់អ្នករកស៊ីដឹកជញ្ជូនទាំងអស់ ចូលរួមគោរពច្បាប់ដឹកជញ្ជូន មិនត្រូវដឹកលើសទម្ងន់កំណត់នោះឡើយ។ លោកបានអះអាងថា ចំណាត់ការក្តៅលើរថយន្តដឹកជញ្ជូន លើសទម្ងន់កំណត់នេះ មិនមែនចង់បានប្រាក់ពីអ្នកដឹកជញ្ជូននោះឡើយ ព្រោះប្រាក់ពិន័យនេះមិនអាចយកទៅទូទាត់ជាមួយទំហំនៃការខូចខាតផ្លូវដែលចំណាយការសាងសង់រាប់លានដុល្លារបាននោះឡើយ។

សូមបញ្ជាក់ថា តាមមាត្រា ៦០នៃច្បាប់ស្តីពីផ្លូវថ្នល់បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ នឹងរងការផាកពិន័យជាប្រាក់ និងចាប់រថយន្តរក្សាទុក ក្នុងករណីពួកគេធ្វើសកម្មភាពដឹកជញ្ជូនដូចខាងក្រោម៖

១៖ មិនចូលថ្លឹងនៅស្ថានីយជញ្ជីងតាមបណ្តាញផ្លូវ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
២៖ ផ្ទុកទម្ងន់មិនលើស៥ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។
៣៖ ផ្ទុកទម្ងន់លើសពី៥ភាគរយ ទៅ ១០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១០ថ្ងៃ និងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន ១០ថ្ងៃ។
៤៖ ផ្ទុកទម្ងន់លើសពី ១០ភាគរយ ទៅ ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ម៉ឺនរៀល ក្នុងទម្ងន់ ១តោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួន ៦ខែ។
៥៖ ផ្ទុកទម្ងន់លើសពី ២០ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវ៖ រើទំនិញចេញ និងឃាត់យានជំនិះទុករយៈពេលមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀល ក្នុងទម្ងន់មួយតោន និងត្រូវដកបណ្ណបើកបរ និងព្យួរទុករយៈពេលពីរឆ្នាំ។

ក្នុងមាត្រានេះ ក៏បានកំណត់ដែរថា ក្នុងករណីមានអំពើល្មើសការផ្ទុកទម្ងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។

ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយឆ្នាំ។ ម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង៕