(ឡាវ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជការរង មេបញ្ជាការកងទ័ពជើងអាកាសកម្ពុជា បានជំរុញឱ្យរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ប្រឆាំងអំពើភេវរកម្ម មួយវិញទៀតកងទ័ពអាកាសអាស៊ាន ត្រូវរួមគ្នាការពារសន្តិភាព និងបណ្តុះបណ្តាលធនធានសម្រាប់យុវជនបន្តវេនឱ្យទទួលបានជំនាញជាក់លាក់ក្នុងកងទ័ពអាកាស។

ការជំរុញរបស់នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូកងទ័ពអាកាសកម្ពុជា ចូលរួមសន្និសីទមេបញ្ជាការកងទ័ពអាកាសអាស៊ានលើកទី១៩ ដែលរៀបចំដោយកងទ័ពអាកាសរំដោះប្រជាជនឡាវ ធ្វើជាម្ចាស់ផ្ទះប្តូរវេនក្នុងឆ្នាំ២០២២ នៅទីក្រុងហ្លួងប្រាបាង្គ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នាថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

សម្រាប់សន្និសីទនេះ បានប្រារព្វធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីសន្តិភាព និងស្ថិរភាព ស្របនឹងសភាពការពិភពលោកដែលកំពុងមានបញ្ហាប្រឈមនឹងការគំរាមកំហែងពីសំណាក់ប្រទេសមហាអំណាច និងបញ្ហាជនភៀសខ្លួនដែលបាននឹងកំពុងរុញពិភពលោក ឱ្យជួបនឹងវិបត្តិសេដ្ឋកិច្ច»

នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់ជូនអង្គសន្និសីទថា កិច្ចសហប្រតិបត្តិការក្នុងកងទ័ពអាកាសអាស៊ាន ជាការងារមួយដែលកងទ័ពជើងអាកាសកម្ពុជា បានយកចិត្តទុកដាក់ដើម្បីពង្រឹងទំនាក់ទំនងល្អ និងដំណើរការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេងជាមួយកងទ័ពអាកាស នៃបណ្តាប្រទេសជាមិត្ត ក្នុងតំបន់ដូចជាកងទ័ពអាកាសភូមិន្ទថៃ ឥណ្ឌូណេស៊ី...។ល។ ដែលកងទ័ពជើងអាកាសកម្ពុជាបាននឹងកំពុងអនុវត្ត។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ សឹង សំណាង បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពអាកាសប្រ៊ុយណេ កងទ័ពអាកាសភូមិន្ទថៃ កងទ័ពអាកាសរំដោះប្រជាជនឡាវ ក្នុងបំណងស្វែងយល់ និងចែករំលែកពីដំណើរការបណ្តុះបណ្តាលនាយទាហានវ័យក្មេងប្រកបដោយផ្លែផ្កា៕