(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកពលបាលឯក គឹម លី បានបញ្ជាក់ថា លោកមានអាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ហើយត្រូវបានត្រូវរបួសពិការពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអូរពោធិក្នុងឆ្នាំ១៩៩៥។ លោកមានភរិយា និងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដោយគួបផ្សំនិងប្រាក់បៀវត្សដែលរាជ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះ ឲ្យបានសមរម្យដោយខ្លួនឯងបាន ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោដែលជាខ្នងផ្ទះទី២២២ ជូនគាត់នៅពេលនេះ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៧៥គីឡូក្រាម មីចំនួន២កេស ទឹកក្រូចចំនួន១កេស ទឹកពិសារបរិសុទ្ធវីតាល់ចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន ២យួរ ត្រីខ ចំនួន១យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ៕