(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក គន់ គីម ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

ក្នុងតួនាទីជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម តែងបានយកចិត្តទុកដាក់ខ្ពស់លើ ការងារគ្រោះមហន្តរាយ ហើយតែងបានចុះដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជួបគ្រោះមហន្តរាយនានា។ លោកត្រូវបានគេមើលឃើញថា ជាមន្ត្រីដែលធ្វើសកម្មភាពសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់លើតួនាទីដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖