(ក្រចេះ)៖ ក្រសួងមហាផ្ទៃ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលឡើងវិញស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ជូនដល់ថ្នាក់ដឹកនាំខេត្តក្រចេះ និងសិក្ខាកាមដែលប្រធាន-អនុប្រធាន មន្ត្រីជួរមុខ ជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តចំនួន១៩គោលដៅ សរុបប្រមាណចំនួន១៦០រូប។

ពិធីនេះបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅខេត្តក្រចេះ។

លោក ប្រាក់ សំអឿន បានថ្លែងថា តាមរយៈបទឧទ្ទេសនាមរយៈពេល២ថ្ងៃនេះថា ការិយាល័យច្រកចេញចូលតែមួយត្រូវបានដាក់ឱ្យអនុវត្តសាកល្បងមុនដំបូងគេនៅក្រុងសៀមរាប និងក្រុងបាត់ដំបង កាលពីឆ្នាំ២០០៥។ បន្ទាប់មក នៅក្នុងឆ្នាំ២០០៧ ក្រសួងមហាផ្ទៃបានធ្វើការវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាតាមរយៈការិយាល័យនេះនៅក្រុងទាំងពីរ និងបានរកឃើញថា ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គការសង្គមស៊ីវិលនានាបានពេញចិត្ត ជឿទុកចិត្ត និងគាំទ្រយ៉ាងខ្លាំងទៅលើការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ។ ការិយាល័យនេះបានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលមកទទួលសេវា មានតម្លាភាព កាត់បន្ថយបានទាំងការចំណាយពេលវេលា និងថវិកាក្នុងការស្នើសុំសេវារបស់ប្រជាពលរដ្ឋ និងបានរួមចំណែកក្នុងការប្រមូលចំណូលចូលថវិកាជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងបានចូលរួមក្នុងការទប់ស្កាត់នូវអំពើពុករលួយផងដែរ។

លោកបានបន្តថា ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរក្នុងអនុវត្តកិច្ចការនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញចូលតែមួយនៅគ្រប់ប្រភេទរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានបង្កើតអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។

ជាមួយគ្នានេះដែរ លោក ប្រាក់ សំអឿន​ បានលើកឡើងថា គោលដៅសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវារដ្ឋបាល តាមរយៈការប្រមូលផ្តុំសេវានៅកន្លែងតែមួយ និងការបង្ខិតសេវាឱ្យទៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាធានាឱ្យការផ្ដល់សេវាមានភាពងាយស្រួលដល់អ្នកស្នើសុំសេវាតាមរយៈនីតិវិធីសាមញ្ញ រហ័ស មានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលានូវសំណូមពរនានារបស់អ្នកស្នើសុំសេវា។ នេះជារូបភាពនៃការធ្វើកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់សិទ្ធិអំណាចជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្រេចផ្ដល់សេវារដ្ឋបាលចាំបាច់ជូនប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយគណនេយ្យភាព ក្នុងនាមរដ្ឋបាលបម្រើប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា សម្រាប់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលមានចក្ខុវិស័យក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

កម្មវិធីជាតិនេះមានសមាសភាគធំៗចំនួន៥ ដែលក្នុងនោះលទ្ធផលរំពឹងទុកនៃសមាសភាគទី៥ បានកំណត់ឱ្យមានការកែលម្អ និងពង្រឹងការអនុវត្តយន្តការច្រកចេញ-ចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា។ ជាមួយគ្នានេះកម្មវិធីជាតិក៏បានកំណត់នូវសកម្មភាពជាអាទិភាពមួយចំនួន ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។

មេរៀនទាំងនេះ មិនមានលក្ខណៈជាទ្រឹស្ដីពេកនោះទេ ប៉ុន្ដែវាជាមេរៀនដែលបានផ្សារភ្ជាប់ជាមួយបទពិសោធន៍ជាក់ស្ដែងដែលបានអនុវត្តកន្លងមកហើយ ដែលខ្ញុំសង្ឃឹមថា អស់លោក លោកស្រីពិតជាអាចមានសមត្ថភាព និងអាចបំពេញភារកិច្ចទាំងអស់នេះបានដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអនុវត្ដឱ្យបានសម្រេចនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោក បួន ហេង បានថ្លែងថា ចំណេះដឹងទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងផ្លាស់ប្តូរឥរិយាបទរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕