(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣៖៤៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F8) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជនឈ្មោះ សួន សួគា កាយដីធ្វើសួនច្បារឲ្យបុរីអ័រគីដេប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦៖០១នាទីរសៀល លើកលែងតែបន្ទប់ភ្លើងលេខ ១៩៥០ និង ១៩៥០A ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូច ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ១៩៖០០នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕