(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចុះសួរសុខទុក្ខកម្មករចល័តធ្វើការក្នុងចំការចេកអំបូងលឿង ក្រុមហ៊ុន ឡុងស្រេង ស្ថិតនៅភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចំនួន៦៦នាក់ ដែលរងគ្រោះដោយពុលស្រា និងចូលរួមរំលែកទុក្ខគ្រួសារសព៣នាក់ទៀត ដែលពុលស្រាកម្រិតធ្ងន់បណ្តាលឲ្យស្លាប់។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែមានក្តីបារម្ភ និងគិតគូរដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ជាមួយគ្នានោះ លោកប្រធានគណ:កម្មាធិការសាខា បានលើកទឹកចិត្តដល់ ក្រុមគ្រួសារសពទាំង៣ ឲ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពឲ្យល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។ ចំពោះរងគ្រោះដែលបានជាសះស្បើយចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេសត្រូវខិតខំថែសុខភាពឲ្យបានល្អ ដើម្បីបំពេញការងារឲ្យបានប្រក្រតីឡើងវិញ។

លោក អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនកម្មកររងគ្រោះ ទាំង៦៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ឃីត១សម្រាប់, អាវយឺត៦ និងថវិកា២០០,០០០រៀល ព្រមទាំងបានផ្តល់ជូនគ្រួសារសពទាំង៣នាក់ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ត្រីខ ២០កំប៉ុង, មី ២កេស និងបច្ច័យចូលបុណ្យចំនួន១,០០០,០០០ រៀល។

ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូនកម្មកររងគ្រោះទាំង៦៦នាក់ ក្នុងម្នាក់ៗ៤០០,០០០រៀល។ ចំពោះកម្មករដែលបានស្លាប់ទាំង៣នាក់នោះ ក្នុងមួយគ្រួសារសពផ្តល់ជូនថវិកា ៤,០០០,០០០រៀលផងដែរ៕