(ភ្នំពេញ)៖ កម្ពុជា-ចិន បានរៀបចំសិក្ខាសាលាស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ក្នុងដំណើរថ្មី» នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលស្ថិតនៅអគារព្រឹទ្ធសភាកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពី មន្ត្រីរាជការ យុវសិស្ស និងអ្នកជំនាញជាច្រើនមកពីស្ថាប័នខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបជាង៨០នាក់។

អ្នកចូលរួមមានយោបល់ថា នៅក្រោមក្របខណ្ឌរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ តើកម្ពុជានិងចិនធ្វើដូចម្ដេច ដើម្បីឱ្យទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយយក «សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី» ជាប្រធានបទ ដើម្បីបន្តស្នងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ បន្តតស៊ូដើម្បីឱ្យប្រទេសទាំងពីរប្រកៀកស្មាគ្នាឆ្ពោះទៅដំណើរថ្មី។

នាឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាលើពិភពលោក នេះគឺជាសមាជមួយដ៏សំខាន់ ណាស់ ដែលធ្វើឡើងចំពេលដែលប្រទេសចិនឈានទៅរកដំណើរជោគជ័យថ្មី និងឆ្ពោះទៅរកគោលដៅតស៊ូ១០០ ឆ្នាំទីពីរ។ ជិតដប់ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍយ៉ាងធំធេង ដែលមិនអាចកាត់ផ្ដាច់ចេញពី ការដឹកនាំដ៏មហិមារបស់បក្សកុម្មុយនីស្តចិននោះទេ។ ការអភិវឌ្ឍនៃប្រទេសចិន មុខជានឹងជំរុញដល់ការអភិវឌ្ឍ នៃពិភពលោក។

ជាមួយគ្នានេះដែរ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា របាយការណ៍នៃសមាជបក្ស កុម្មុយនីស្តចិនលើកទី២០ បានចង្អុលបង្ហាញយ៉ាងច្បាស់ម្ដងទៀតថា ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលនយោបាយការទូត នៃប្រទេសចិន ដែលថែរក្សាសន្តិភាពពិភពលោកជាប់ជានិច្ច និងជំរុញការអភិវឌ្ឍរួមគ្នាខិតខំប្រឹងប្រែងជំរុញ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ភាគីចិននឹងធ្វើឱ្យលទ្ធផលនៃកាអភិវឌ្ឍប្រទេសរបស់ខ្លួន ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្នុងដំណើរជំរុញការធ្វើទំនើបកម្មបែបផែនចិន។

លោក ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា សមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតនយោបាយរបស់ប្រទេសចិន។

លោកកោតសរសើរ និងគាំទ្រគោលដៅបន្តកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ព្រមទាំងបន្តធ្វើសកម្មភាពក្នុងលក្ខណៈស្វាហាប់ និងប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ដើម្បីថែទាំ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក។

លោក អាន ស៊ីយូ( An Xiaoyu ) ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ជាក់ថា សហគមន៍ជោគវាសនារួមកម្ពុជា ចិន មិនមែនជាទ្រឹស្ដីមិនច្បាស់លាស់នោះទេ ពោល គឺវាបានចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៃប្រទេសទាំងពីរ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាពរយៈពេលវែងនៃសង្គមសេដ្ឋកិច្ចនយោបាយរបស់ ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានបន្ថែមថា កម្មវិធីថ្ងៃនេះ នឹងធ្វើឱ្យអ្នកចូលរួម បានយល់កាន់តែស៊ីជម្រៅពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួមឆ្លុះបញ្ចាំងភាពរឹងមាំ នៃចំណងមិត្តភាព អមតៈរវាងកម្ពុជា-ចិន ដែលបាននិងកំពុងវិវត្តជាសកល និងជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួមជាមួយគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយចាប់ដៃគ្នាកសាងនូវភាពសុខុដុមរមនា សន្តិសុខគ្រប់ទីកន្លែង ការបើកទូលាយ យោគយល់គ្នា និងស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» ជាពិសេសរវាងសភានៃប្រទេសទាំងពីរបង្កើតបានទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការនៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា សន្តិសុខស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍ ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្ត្រ ភាគីទាំងពីរបានក្លាយជាសហគមន៍ជោគវាសនាតែមួយដែលមានភាពជឿជាក់ និងទុកចិត្តគ្នាបានយ៉ាងពិតប្រាកដ និងយូរអង្វែង។

ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ព្រឹទ្ធសភាកម្ពុជា ជាបន្តបន្ទាប់ ទោះបីជាអ័ព្ទនៃជំងឺកូវីដ-១៩ មិនទាន់លុបបាត់យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមក្នុងសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ អ្នកទាំងអស់គ្នាយល់ជារួមថា ការជំរុញគ្រប់ជ្រុងជ្រោយនៃការធ្វើទំនើបកម្មបែបផែនចិន នឹងនាំមកនូវកាលានុវត្តភាពថ្មី និងឱកាសកាន់តែទូលំទូលាយបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសនានាលើពិភពលោក។ ពួកគេជឿជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា និងចិន ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នឹងវិវឌ្ឍកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត៕