(សៀមរាប)៖ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍សហគមស្ត្រីកំពុងភ្លុក និងនៅប្រសាទបាយ័ន នៅក្នុងទឹកដីខេត្តសៀមរាប។

ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអមដំណើរដោយ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ រួមទាំងមន្ត្រីជំនាញមួយចំនួន។

លោកស្រី Suanesavanh Vignaket ​បានកោតសរសើរដល់ស្ត្រីសហគមកំពង់ភ្លុក ដែលបានរៀបចំសម្អាតទីតាំងដែលខ្លួនរស់នៅបានស្អាត មានបរិស្ថានល្អ រួមគ្នាបង្កើតបានជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញដល់ភ្លៀវទេសចរជាតិ និងអន្តរជាតិ ដែលជួយសម្រាលបន្ទុកក្នុងគ្រួសារបានមួយចំណែកធំ។

សូមជម្រាបថា រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។ វត្តមានរបស់លោកស្រីមកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើងហោះហើរឡាវឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ៕