(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ PPIC ក្នុងគោលបំណងដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍បរិវេណមជ្ឈមណ្ឌល PPIC ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជា និងសម្រាប់បម្រើសង្គមកិច្ច សាសនា អប់រំ និងវិស័យផ្សេងៗទៀត។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជា ប្រធាន-អនុប្រធាន និងសមាជិកនៃមជ្ឈមណ្ឌលឥស្លាមភ្នំពេញជាច្រើនរូប។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា «ទីតាំងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ ដែលមានព្រះវិហារឥស្លាមអាល់សារកាល់បឹងកក់ភ្នំពេញស្រាប់ ហេីយនឹងត្រូវអភិវឌ្ឍបរិវេណនេះ ឲ្យទទួលបានមកវិញនូវប្រភពសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមកម្ពុជា លើវិស័យមួយចំនួន ពិសេសក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត កុមារកំព្រា និងផ្គត់ផ្គង់ ប្រជាជនចាស់ជរា អ្នកទីទ័លក្រ ជាដើម»។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានឈ្មោះជាអក្សរឡាតាំង Phnom Penh Islamic Center និងមានទីតាំងស្ថិតនៅបរិវេណវិហារអន្តរជាតិអាល់សារកាល់បឹងកក់ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបម្រើសង្គមកិច្ច សាសនា អប់រំ និងវិស័យផ្សេងៗទៀត៕