(កំពត)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះពិនិត្យការងារប្រតិបត្តិការបោសសម្អាតមីន របស់អង្គភាពបោសសម្អាតមីនភាគខាងត្បូង ដែលកំពុងប្រតិបត្តិការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ស្ថិតនៅក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពត។
លោក ហេង រតនា បានបញ្ជាក់ថា អង្គភាពបោសសម្អាតមីនភាគខាងត្បូង បានទទួលអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង ១ ៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩គ្រាប់។
លោកបន្តថា ដោយឡែកសម្រាប់ខេត្តកំពត បានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៤៨៥គ្រាប់។ តាមផែនការគ្រោងទុកខេត្តកំពត នឹងបញ្ចប់ការបោសសម្អាតមីនទាំងស្រុង ត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
លោកបន្ថែមទៀតថា កិច្ចប្រតិបត្តិការក្រោម «គំរោងសម្តេចតេជោ សំរាប់សកម្មភាពមីន» ក្នុងជំហានទី១ អង្គភាពស៉ីម៉ាក់បានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីន នៅខេត្តចំនួន៥ គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត ៣,០០០ហិចតា ហើយគិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ សំរេចបានជិត៨០%នៃផែនការ ជាគោលដៅខេត្តទាំង៥ ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ៕