(ព្រះសីហនុ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ សម្រាប់ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន៦,៥១៤គ្រួសារ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះអស់ទឹកប្រាក់សរុប១១,៤៩៥,០៦៨,០០០រៀល។ ចំនួននេះបើធៀប៩ខែ ឆ្នាំ២០២១ មានការថយចុះ៥,០៥៧គ្រួសារ ដោយសារប័ណ្ណមួយចំនួនអស់សុពលភាព និងប័ណ្ណមួយចំនួនត្រូវដកសិទ្ធិ។

នេះបើតាមរបាយការណ៍ដែលបានបង្ហាញកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ១៩ និងទិសដៅអនុវត្តបន្ត នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងអ្នកអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់។

ថ្លែងក្នុងឱកាសនោះ លោក ឈូរ សុបញ្ញា បានធ្វើការអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអនុវត្តគម្រោងដែលបានពង្រីកការអនុវត្តការងារ តាមចក្ខុវស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍន៍ភាពការងារឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានទាន់ពេលវេលា ម្យ៉ាងទៀតដោយមានកិច្ចសហការពីភាគីពាក់ព័ន្ធ។

ពិសេសមន្រ្តីអនុវត្តកម្មវិធី ដែលជាកងទ័ពអាវស ក្នុងការចុះអនុវត្តការងារអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានអាជ្ញាធរមូលដ្ឋាន ចូលរួមសហការអនុវត្តសកម្មភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ហើយកម្មវិធីនេះ ត្រូវបានពានរង្វាន់លេខមួយ តំបន់អាស៊ានដែលប៉ះពាល់ដោយវិបត្តិកូវីដ១៩។ ទន្ទឹមនឹងសមិទ្ធផលនេះ យើងមានមោទនៈភាពដែលរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ ស្របតាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល បានផ្ទេរអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិតាមទិដ្ឋភាពបច្ចេកទេស ដោយភាពម្មត់ចត់។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលបានអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ រងផលប៉ះពាល់ជំងឺកូវីដ១៩ ជាមន្ទីរស្នូល និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមេឃុំ ចៅសង្កាត់។

បញ្ហាប្រឈមជំរឿនគ្រួសាររងហានិភ័យនៅតាមមូលដ្ឋាន ស្របនឹងគោលនយោបាយគាំព៌ាសង្គមទទួលបានជោគជ័យ សំខាន់គោលនយោបាយគាំព៌ាសង្គម ដែលជារឿងរបស់យើងទាំងអស់គ្នារួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍សុខសន្តិភាព ហើយគុណតម្លៃ និងគុណប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋរបស់យើង ជាចលនាជំរុញកំណើនសេដ្ឋកិច្ច។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីសុខទុក្ខ និងដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ ការងារគាំព៌ាសង្គមដែលជាចំណុចសក្តានុពលក្នុងរបបប្រជាធិបតេយ្យ។

លោកអភិបាលខេត្ត បានធ្វើការណែនាំឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជួយបណ្តុះបណ្តាលជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ជាអ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីចុះធ្វើសម្ភាសជំរឿនប្រជាពលរដ្ឋដែលរងហានិភ័យនៅតាមមូលដ្ឋាន ដោយការទទួលខុសត្រូវ ដើម្បីឲ្យមាននិរន្តរភាពការងារនៅតាមឃុំ សង្កាត់។ ម្យ៉ាងទៀតមេឃុំ ចៅសង្កាត់ ត្រូវមានលេខកូដក្នុងដៃក្នុងការវាយតម្លៃ និងអនុម័ត នៃការធ្វើជំរឿនប្រជាពលរដ្ឋរបស់ខ្លួនដែលរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ។

ទន្ទឹមនោះមន្ត្រីត្រូវមានឥរិយាបទល្អ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាច មកថ្នាក់មូលដ្ឋានប្រកបដោយឆន្ទៈ។ ត្រូវទទួលយកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញចុះស្រង់ស្ថិតិ និងជំរឿនប្រជាពលរដ្ឋរងហានិភ័យនៅក្នុងមូលដ្ឋាន ជាឱកាសជួយប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ឲ្យទទួលបានថវិកាគាំព៌ាសង្គមនាពេលខាងមុខ៕