(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានជួបសំណេះសំណាលជាមួយកីឡាករទូក «ង» ក្នុងស្រុកកំពង់ស្វាយ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា នេះពិតជាមោទកភាពណាស់សម្រាប់ស្រុកកំពង់ស្វាយ ដែលមានទូកចូលរួមប្រកួតចំនួន៦ទូក ហើយក៏សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ ស្រុកគ្រប់លំដាប់ ថ្នាក់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរៀបចំក្រុមកីឡាករទូកទាំង៦ទូក ក្នុងការមកចូលរួមប្រកួតនៅថ្នាក់ខេត្តនៅថ្ងៃទី៤-៥ ខែវិច្ឆិកានេះ បើទោះបីមិនមានការប្រកួតនៅរាជធានីភ្នំពេញក៏ដោយ។

លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះសប្បុរសជន ដែលបានរួមចំណែកគាំទ្រ និងឧបត្ថម្ភដល់កីឡាករទូកក្នុងស្រុកកំពង់ស្វាយ ជាថវិកា ថ្នាំពេទ្យ និងគ្រឿង ឧបភោគបរិភោគ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករ ទូករបស់យើង។

លោកស្រីបន្តថា «នៅពេលនេះក្រុមការងារ និងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូកហើយ ក្រុមកីឡាករទូកង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវរួមកម្លាំងគ្នាដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូក ងកាន់តែលឿនជាងមុន ពិសេសពិសេសលក្ខណៈបច្ចេកទេសក្នុងការអុំទូក»

លោកស្រី ក៏បានលើកទឹកចិត្តដល់ទូកក្នុងស្រុកកំពង់ស្វាយទាំងអស់ ប្រសិនបើទូកណាមួយទទួលបានលេខ១ លោកស្រីនឹងឧបត្ថម្ភបន្ថែមទៀត។

លោកស្រីបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ព្រមទាំងជម្រាបជូនអំពីស្ថានភាពប្រទេសជាតិរបស់យើង បច្ចុប្បន្នដែលប្រកបដោយសេចក្តីសុខ សន្តិភាព ពេញបរិបូរណ៍ និងសេដ្ឋកិច្ចសង្គមមានការរីកចម្រើន គួរជាទីមោទនៈក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

កីឡាករអ៊ុំទូក «ង» បានបង្ហាញការសាទរយ៉ាងក្លៀវក្លាចំពោះការជួយឧបត្ថម្ភ ហើយបានប្តេជ្ញាចិត្តនិងយកជ័យលាភីជូនស្រុកឃុំ និងភូមិរបស់ខ្លួនឲ្យបាន។ ក្នុងពិធីសំណេះសំណាលលោកស្រី ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បានឧតប្ថម្ភដល់កីឡាករទូក «ង» មានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ក្រមា មួក អាវ និង ថវិកា៥០ម៉ឺនរៀល ក្នុងមួយទូក។

នៅថ្ងៃដដែលនោះ ដោយឃើញពីការលំបាក និងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ លោកស្រីបាននាំយកនូវស៊ីម៉ង់ត៍ ចំនួន១តោន ការ៉ូ៤៣កេះ និងថវិកាមួយចំនួនផ្តល់ជូននាយកសាលាសាលាបឋមសិក្សា អូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ សម្រាប់ជួសជុលថ្នាក់រៀន ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្របានសមរម្យផងដែរ។

ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ថ្លែងអំណរគុណដល់លោកស្រី ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី ដែលបានជួយឧបត្ថម្ភជាសម្ភារ និងថវិកាសម្រាប់កសាងសាលារៀនឲ្យមានថ្នាក់រៀនបានសមរម្យក៏ដូចជា មានសោភ័ណភាពទាក់ទាញអារម្មណ៍សិស្សមកសិក្សារៀនសូត្រ សូមជូនពរលោកស្រី និងលោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមជួបសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕