(ភ្នំពេញ)៖ គណៈកម្មការផលិតភាពកម្ពុជា បានបើកកិច្ចប្រជុំ ស្តីពីឥទ្ធិពល និងយុទ្ធសាស្រ្តប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នៅទីស្តីការឧត្តមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច ដើម្បីពិនិត្យលទ្ធភាពក្នុងការកណត់ប្រាក់ឈ្នួលរបស់កម្មករ នៅពេលខាងមុខ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មការផលិតភាពកម្ពុជា ដោយមានការចូលរួមពី ក្រសួងស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដែលកិច្ចប្រជុំរៀបចំឡើងនៅ ថ្ងៃទី១៣ ខែមថុនា ឆ្នាំ២០១៦។
លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងប្រមូលនូវទស្សនៈ និងធាតុចូល ក៏ដូចជាដើម្បីបន្តធ្វើការពិភាក្សា លើលទ្ធផលនៃការសិក្សាកន្លងមក រួចធ្វើការបូកសរុប សម្រាប់ជូនកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមា ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ក្នុងគោលដៅផ្តល់នូវព័ត៌មាន គ្រប់ជ្រុងជ្រោយ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ បែបវិទ្យាសាស្រ្តដល់ភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅរកការស្រុះស្រួលគ្នាមួយ ដែលមានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ក្នុងគោលដៅចែករំលែកវិបុលភាព និងការរែកពន់ការលំបាកជាមួយគ្នា។
លោកបន្ថែមថា មូលដ្ឋាននៃការស្រុះស្រួលខាងលើនេះ ក៏ផ្អែកទៅលើការវិភាគពាក់ព័ន្ធផ្សេងទៀត ក្រៅតែពីប្រាក់ឈ្នួលអប្បបរមាដូចជា ផលិតភាពការងារ, ការបង្កើតការងារ, ការប្រកួតប្រជែងរបស់វិស័យ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចិរភាពនៃកំណើននិយាយជារួម។ ក្រៅពីនេះ ក៏មានការសិក្សាគិតគូរផងដែរ ទៅដល់បញ្ហាកៅពីប្រាក់ឈ្នួល ដូចជាលក្ខខណ្ឌក្នុងការរស់នៅ និងលក្ខខណ្ខការងារជាដើម។
លោក វង្សី វិស្សុត បានបន្តថា បញ្ហាប្រាក់ឈ្នួលនេះមិនមែនជារឿងថ្មី សម្រាប់ពិភពលោកទេ ព្រោះបញ្ហានេះមានយូរមកហើយ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។
លោកបានលើកឡើងថាបន្ថែមថា ប្រាក់ឈ្នួលអប្បរមាមានអត្ថន័យជាសេដ្ឋកិច្ចផង និងជាសង្គមផង ទាំងនៅក្នុងក្របខណ្ឌជាគ្រួសារ, ក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិទាំងមូល។ និយាយជារួម ប្រាក់ឈ្នួលអប្បរមាមានទំនាក់ទំនង និងជះឥទ្ធិពលដោយផ្ទាល់ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ពោលគឺត្រូវធ្វើយ៉ាងណាឱ្យការកំណត់ប្រាក់ឈ្នួលនេះ អាចជួយលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់កម្មករផង និងជួយលើកកម្ពស់ផលិតការងារផងដែរ ទាំងនៅក្នុងកម្រិតរោងចក្រ កម្រិតវិស័យ និងនៅក្នុងកម្រិតជាប្រទេសជាតិទាំងមូល។ ចំណុចដ៏សំខាន់មួយទៀត គឺការដំឡើងប្រាក់ឈ្នួលនេះ ត្រូវតែផ្សារភ្ជាប់ជាមួយនឹងផលិតភាពការងារ និងលទ្ធភាពនៃសេដ្ឋកិច្ចទាំងមូល។
លោកបានគូសបញ្ជាក់ថា ពិតណាស់ថា កិច្ចការនេះមិនស្រួលពេលនោះទេ ប៉ុន្តែគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គប្បីចាំបាច់មានការស្វែងយល់ និងមានជំនាញបច្ចេកទេស នៅក្នុងកិច្ចការនេះ ដើម្បីមានតុល្យការអំណាច នៅក្នុងដំណើរការនៃការចរចារ ដើម្បីអាចឈានទៅដល់ការស្រុះស្រួលគ្នា ក្នុងការកំណត់ប្រាក់ឈ្នួលមួយដ៏សមស្រប។ ក្នុងន័យនេះ ត្រូវមានការប្រកាន់ខ្ជាប់ នូវគោលការណ៍សំខាន់ៗចំនួន ០២ គឺ គោលការណ៍សហជីពវិជ្ជមាននិយម (Positive Unionism) និងគោលការណ៍និយោជកល្អ (Enlightened Managers or Enlightened Employers) ដើម្បីធានាបាននូវចិរភាព និងស្ថេរភាព នៅក្នុងការទទួលបានការងារផង និងកិច្ចដំណើរការរបស់រោងចក្រផង សំដៅលើកស្ទួយភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងដើម្បីឱ្យភាគីទាំងសងខាង មានការទទួលខុសត្រូវទៅវិញទៅមក។
លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា ថៅកែរោងចក្រគួរចែករំលែក នូវប្រាក់ចំណេញរបស់ខ្លួន ទៅលើការដំឡើងប្រាក់ខែ និងលើកកម្ពស់លក្ខខណ្ឌរស់នៅ និងការងារជូនកម្មករ ដើម្បីធ្វើឱ្យកម្មករកាន់តែមានទឹកចិត្ត ក្នុងការបំពេញការងារជាងមុន និងកាន់តែមានផលិតភាពការងារខ្ពស់ជាងមុន។ ចំណែកឯកម្មករវិញ ក៏ត្រូវមានករណីកិច្ចខិតខំបំពេញការងារឱ្យបានល្អ និងមានវិន័យ គោរពច្បាប់ និងត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាពជំនាញ សម្រាប់ការទទួលបាននូវប្រាក់ខែ លើសពីប្រាក់ឈ្នួលអប្បបរមា៕