(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឡេង វី រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានធ្វើការណែនាំឲ្យ លោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបម្រើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ បានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។ ដូច្នេះសម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារឲ្យបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានសោភណ្ឌភាពស្រស់បំព្រងបន្ថែមទៀត។
បន្ថែមពីនេះទៀត លោក ឡេង វី បានធ្វើការណែនាំឲ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។
ដើម្បីឲ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើឲ្យអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋឲ្យវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញឲ្យក្រុមហ៊ុន ប្រមូលសំរាមឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន១១រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន១០នាក់ទៀត រួមមាន៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, លោក នួន ផារ័ត្ន, លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក អុីមរ៉ន ហាស្សាន់៕